តើបងប្អូនដឹងទេ ថារៀនដូចម្តេចទើបពូកែ?
សម្រាប់មនុស្សមួយចំនួន ពេលវេលាជានិស្សិតសាកលវិទ្យាល័យគឺជាពេលវេលាមួយដ៏ល្អបំផុត មិនអាចបំភ្លេចបាន នៅក្នុងឆាកជីវិតរបស់ពួកគេ។ គឺជាពេលវេលាដែលពួកគេអាចរុករក សិក្សាស្វែងយល់នូវអ្វីៗគ្រប់យ៉ាងដែលពួកគេចង់ចេះ ចង់ដឹង ជាពេលវេលានៃការប្រកួតប្រជែងជាមួយនឹងមិត្តរួមថ្នាក់ដើម្បីទទួលបាននិទ្ទេសល្អ ជាពេលវេលានៃការជួបជុំគ្នាសប្បាយដើម្បីបង្កើនមិត្តភាព។ល។
ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត ពេលវេលាជានិស្សិតសាកលវិទ្យាល័យគឺជាពេលវេលាមួយដែលពោរពេញទៅដោយភាពនឿយណាយ តប់ប្រមល់ និងតានតឹងនៅក្នុងអារម្មណ៍ គេងមិនសូវលក់ បក់ក៏មិនល្ហើយ បារម្ភខ្លាចតែមិនទទួលបានពិន្ទុ(GPA) ខ្ពស់ដូចគេ។
គិតមកដល់ត្រឹមនេះ យើងឃើញថាមានសិស្ស-និស្សិតជាច្រើនទទួលរងសម្ពាធអំពីការសិក្សារបស់ពួកគេយ៉ាងខ្លាំងគួរឲ្យអាណិត ដោយសារតែខ្លាចមិនទទួលបាននិទ្ទេស ឬពិន្ទុមធ្យមភាគល្អនឹងគេ។
មួយវិញទៀត ដោយសារពួកគេបារម្ភថាលទ្ធផលនៃការសិក្សារបស់ពួកគេនេះ មុខជាអាចនឹងជះឥទ្ធិពលល្អ ឬមិនល្អមកលើជោគវាសនាការងាររបស់គេនាថ្ងៃខាងមុខ ទោះតិច ឬច្រើនជាក់ជាពុំខាន។ ហើយខណៈពេលដែលលោកគ្រូ អ្នកគ្រូមួយចំនួន គិតតែពីដាក់ការងារឲ្យសិស្សធ្វើដោយមិនសូវជាគិតខ្វល់ខ្វាយទៅនឹងលទ្ធផលនៃការសិក្សារបស់សិស្សប៉ុន្មានឡើយ ហើយគិតតែពីបើកប្រាក់ម៉ោងរបស់ពួកគាត់យ៉ាងរំភើយ ប៉ុន្តែដោយឡែកក៏មានលោកគ្រូអ្នកគ្រូមួយចំនួនទៀត ដែលបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនអស់ពីកម្លាំងកាយ កម្លាំងចិត្តដើម្បីជួយសិស្សឲ្យទទួលបាននូវលទ្ធផលល្អ នៅក្នុងការសិក្សារបស់ពួកគេផងដែរ។
បើទោះបីជាការសិក្សារបស់អ្នកជួបប្រទះនឹងភាពរីករាយ ឬភាពខ្មៅងងឹតយ៉ាងណាក៏ដោយចុះ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ដំបូន្មានក្នុងការសិក្សាខាងក្រោមនេះ នឹងលាតត្រដាងនូវអាថ៌កំបាំង និងវិធីសាស្ត្រផ្សេងៗ ដែលនិស្សិតឆ្នើមជាច្រើននៅទូទាំងសកលលោកបាននឹងកំពុងអនុវត្តន៍ ហើយទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងការសិក្សារបស់ពួកគេ។
ដូច្នេះអ្នកក៏នឹងក្លាយទៅជាមនុស្សជោគជ័យម្នាក់នៅក្នុងការសិក្សាដូចជាពួកគេយ៉ាងអុីចឹងដែរ។ គោលគំនិតខ្លីៗ ប៉ុន្តែខ្លឹមខាងក្រោមនេះគឺជាប្រទីបបំភ្លឺផ្លូវមួយសម្រាប់អ្នកនៅក្នុងការសិក្សាដើម្បីទទួលបានជោគជ័យ ក៏ដូចជាដើម្បីអាចទទួលបាននូវប្រសិទ្ធភាពក្នុងការសិក្សានៅគ្រប់ដំណាក់កាលនានា។ ការសិក្សាច្រើនម៉ោងក្នុងមួយថ្ងៃៗ មិនមែនជាវិធីដ៏ល្អនៅក្នុងការសិក្សានោះទេ។ ការសិក្សាដែលមានប្រសិទ្ធភាព និងលិទ្ធផលល្អនោះ គឺជាការសិក្សាដែលមានទម្លាប់កត់ត្រាត្រឹមត្រូវ មានទឹកចិត្តជម្នះភាពខ្ជិលច្រអូស និងទម្លាប់ពន្យារពេលក្នុងការបំពេញកិច្ចការទាំងឡាយ។ សិស្សដែលរៀនពូកែ គឺគេចេះបែងចែក និងកំណត់ពេលវេលាសម្រាប់ស្វ័យសិក្សាបានត្រឹមត្រូវ និងដឹងពីបច្ចេកទេស បូករួមនឹងវិធីសាស្ត្រក្នុងការសិក្សាយ៉ាងណា ដែលអាចធ្វើឲ្យពួកគេទទួលបានប្រសិទ្ធភាពខ្ពស់ ហើយមិនចំណាយពេលវេលាច្រើន ថែមទាំងសល់ពេលថ្ងៃចុងសប្តាហ៍សម្រាប់ធ្វើរឿងរ៉ាវផ្សេងៗទៀត ដែលពួកគេចង់ធ្វើថែមទៀតផង។
ខាងក្រោមនេះ អ្នកនឹងបានដឹងនូវដំបូន្មាន និងវិធីសាស្ត្រផ្សេងៗ ដែលអ្នកអាចយកមកប្រើប្រាស់នៅក្នុងជីវិតសិក្សារបស់អ្នក ដើម្បីសម្រេចឲ្យបាននូវលទ្ធផលល្អក្នុងការសិក្សា និងឈានឆ្ពោះទៅរកភាពជោគជ័យនៅក្នុងជីវិត។ អ្នកក៏នឹងបានដឹងផងដែរថា ហេតុអ្វីបានជាមនុស្សខ្លះចំណាយពេលរៀនតិច ប៉ុន្តែទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការចងចាំ? ហើយហេតុអ្វី ការរើសកន្លែងរៀនបានត្រឹមត្រូវ អាចជួយអ្នកឲ្យទទួលបានពិន្ទុខ្ពស់?
១) កំណត់ពេលរៀនឲ្យបានត្រឹមត្រូវ៖
ដើម្បីរៀនឲ្យមានប្រសិទ្ធភាព អ្នកត្រូវតែកំណត់ពេលវេលារៀនឲ្យបានច្បាស់លាស់ ហើយកុំប្រើពេលវេលាសម្រាប់រៀននោះយូរពេក។ ត្រូវកំណត់ពេលឲ្យបានសមរម្យ និងមិនគួរលើសពី៦០នាទីជាដាច់ខាត។ ជាពិសេសនោះគឺនៅពេលដែលកំពុងរៀន ត្រូវតែតាំងចិត្ត និងផ្តោតអារម្មណ៍ឲ្យបានខ្លាំងមកលើអ្វីដែលអ្នកកំពុងតែរៀននោះ។
មានសិស្ស-និស្សិតជាច្រើនបានត្អូញត្អែរថា ពួកគេពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀនទាល់តែសោះ ដោយសារតែពួកគេត្រូវធ្វើកិច្ចការសាលាដែលគ្រូបានដាក់ឲ្យធ្វើហ្នឹងច្រើន ណាមួយត្រូវមិត្តភក្តិហៅទៅក្រៅដើរលេងជាមួយទៀតផង មិនត្រឹមតែប៉ុណ្ណោះត្រូវចំណាយពេលខ្លះ ទៅហាត់ប្រាណដើម្បីសុខភាព រហូតដល់មានអ្នកខ្លះត្រូវឡើងផ្សារដើម្បីទិញបន្លែ-ត្រី-សាច់ មកចម្អិនដោយខ្លួនឯងទៀត ហើយរឹងរឹតតែសំខាន់មែនទែននោះ គឺត្រូវបោកខោអាវរៀងរាល់ថ្ងៃ ឬក៏ត្រូវរង់ចាំរហូតដល់ថ្ងៃចុងសប្តាហ៍ ដើម្បីបោកគក់ឲ្យអស់ទៀតផង។ បែបនេះ គឺពិតជាអស់ពេលវេលាមែនទែនហើយ!!! សូម្បីតែថ្ងៃចុងសប្តាហ៍ក៏អស់ដែរ តើមានពេលវេលាគ្រប់គ្រាន់មកពីណា ដើម្បីរៀនឲ្យបានពូកែនោះ។ ហើយបើព្យាយាមធ្វើរឿងទាំងអស់នេះ ក្នុងពេលតែមួយថ្ងៃទៀត រឹតតែមិនអាចទៅរួចទៀតហើយ។ ការគិតបែបនេះ គឺមិនត្រឹមត្រូវនោះទេ!
មែនទែនទៅ មានសិស្ស-និស្សិតជាច្រើនបានចំណាយពេលវេលារបស់គេយ៉ាងខ្ជះខ្ជាយ ឬក៏ព្យាយាមធ្វើរឿងរ៉ាវជាច្រើននៅក្នុងពេលតែមួយ ដោយពុំបានបែងចែកពេលវេលាឲ្យបានសមរម្យសម្រាប់កិច្ចការនីមួយៗដែលត្រូវធ្វើ និងពុំបានផ្ចង់អារម្មណ៍ឲ្យបានល្អនៅពេលធ្វើវានោះទេ។
មានអ្នកខ្លះចំណាយពេលរៀនដោយខ្លួនឯងយ៉ាងយូរ ដោយពុំបានផ្តោតអារម្មណ៍ ឬយកចិត្តទុកដាក់មកលើអ្វីដែលកំពុងរៀនហ្នឹងឲ្យបានល្អទេ រៀនបណ្តើរ
លេងហ្វេសប៊ុកបណ្តើរ។ រហូតដល់អ្នកខ្លះ តាមដានរឿងភាគបណ្តើរទៀត ក៏សឹងតែមានដែរ។
ការរៀនបែបនេះ រៀនទល់ភ្លឺ ក៏នៅតែមិនអាចទទួលបានផលជាដុំកំភួនអ្វីឡើយ។ អ្នកខ្លះខិតខំប្រឹងផ្តោតអារម្មណ៌យ៉ាងខ្លាំង ដោយខំប្រឹងមើលឡើងលានគ្រាប់ភ្នែក រហូតដល់រៀនលែងចូល ងុយងោកក្បាលសឹងដល់តុ ក៏នៅតែមិនព្រមទៅដេកដែរ នៅតែខំប្រឹងអាន ប្រឹងរៀនទាំងមិនយល់អ្វីទាំងអស់។
បើអ្នកមានទម្លាប់ដូចដែលបានរៀបរាប់ខាងលើនេះ អ្នកគួរកែប្រែទម្លាប់ទាំងនេះចោលឲ្យអស់ ដោយត្រូវជំនួសមកវិញដោយការបែងចែកពេលវេលារៀនសូត្រឲ្យបានសមរម្យ បូករួមនឹងបរិដ្ឋានរៀនស្ងប់ស្ងាត់ល្អផងដែរ ហើយត្រូវកំណត់រយៈពេលរៀនកុំឲ្យយូរពេក រៀន១ម៉ោង ត្រូវសម្រាក១០-១៥នាទី (ធ្វើអ្វីផ្សេងដែលអ្នកចូលចិត្តធ្វើ) រួចសឹមរៀនបន្តទៀត ទើបជាវិធីរៀនដ៏ត្រឹមត្រូវ។
តាមរយៈការសិក្សាអំពីខួរក្បាលបានឲ្យដឹងថា ខួរក្បាលរបស់មនុស្សយើងអាចផ្តោតអារម្មណ៍បានល្អ ហើយពេញលេញនោះគឺបានត្រឹមតែ៥០-៦០នាទីតែប៉ុណ្ណោះ។ សិស្ស-និស្សិតដែលរៀនពូកែៗ គឺពួកគេបានកំណត់ពេលវេលាសម្រាប់រៀនដោយខ្លួនឯងក្នុងរយៈពេលខ្លីៗតែប៉ុណ្ណោះ ប៉ុន្តែមានការផ្តោតអារម្មណ៍ខ្ពស់ បូករួមនឹងបរិដ្ឋានរៀនស្ងប់ស្ងាត់ល្អ។ ពួកគេមិនព្យាយាមធ្វើរឿងអ្វីផ្សេង ក្រៅតែអំពីការផ្ចង់អារម្មណ៍របស់គេមកលើការសិក្សាតែប៉ុណ្ណោះ។
ផ្ទុយទៅវិញ សិស្សដែលរៀនមិនសូវជាពូកែច្រើនតែចំណាយពេលវេលាដើម្បីរៀនដោយខ្លួនឯងហ្នឹងយូរពេក ហើយមិនបានផ្តោតអារម្មណ៌របស់គេឲ្យបានល្អក្នុងពេលកំពុងរៀននោះទេ។ ហើយបើនៅក្បែរដៃមានទូរសព្ទផង គឺរៀនមិនចូលតែម្តង។ យកល្អ ពេលរៀន ចូរកុំដាក់ទូរស័ព្ទដៃក្បែរខ្លួន ឬនៅក្បែរទូរទស្សន៍ ឲ្យសោះ បើមិនដូច្នោះទេ ច្បាស់ជា scroll Facebook ចុះឡើងៗ រហូតទាល់តែស្រវាំងភ្នែកទើបឈប់ មិនខានឡើយ!
ដោយគ្រាន់តែកាត់បន្ថយពេលវេលារៀនកុំឲ្យយូរពេក ហើយបង្កើនការផ្ចង់អារម្មណ៍ឲ្យបានល្អតែប៉ុណ្ណោះ អ្នកនឹងសល់ពេលវេលាយ៉ាងច្រើនសម្រាប់ធ្វើរឿងរ៉ាវផ្សេងៗទៀតដែលអ្នកចង់ធ្វើ។ ឧទាហរណ៍ដូចជាទៅជួបមិត្តភក្តិ ទៅជប់លៀង គេងយកអាចម៍ភ្នែក ឬក៏សម្រាកក៏បាន។
និយាយទៅនិយាយមក ការចេះកំណត់ និងបែកចែកពេលវេលាឲ្យបានច្បាស់លាស់ និងសមរម្យនៅតែជាកត្តាសំខាន់បំផុតសម្រាប់សិស្ស-និស្សិតគ្រប់រូប ក្នុងវ័យសិក្សា។ បន្ថែមពីលើនេះ អ្នកត្រូវមានទម្លាប់កត់ត្រា ហើយជ្រើសរើសយកកិច្ចការងារណាដែលសំខាន់ ហើយបន្ទាន់ធ្វើវាមុន ហើយដាក់កាលកំណត់ដែលត្រូវធ្វើវាឲ្យហើយ និងច្បាស់លាស់ទៅតាមលំដាប់លំដោយអទិភាពរបស់វា។ យកល្អ អ្នកគួរកត់ត្រាវាដាក់នៅក្នុងប្រតិទិន ឬក៏កន្លែងណាដែលអ្នកតែងតែអាចមើលវាឃើញបានគ្រប់ពេលវេលា ឬដាក់វានៅលើអេក្រង់ទូរស័ព្ទ រឹតតែប្រសើរ។
២) យកឈ្នះភាពខ្ជិលច្រអូស៖
រឿងមួយដែលអ្នកត្រូវតែរៀនជម្នះនោះគឺ ត្រូវយកឈ្នះលើភាពខ្ជិលច្រអូស តម្អូញ ការពន្យាពេលថាចាំស្អែក ឬចាំបន្តិចទៀតចាំធ្វើក៏មិនខុសទាស់អីដែរ ឬក៏មានលេសនេះលេសនោះមិនចេះចប់ ឲ្យបាន។ សិស្ស-និស្សិតគ្រប់រូបស្គាល់ភាពខ្ជិលច្រអូស និងការពន្យាពេលធ្វើកិច្ចការងារផ្សេងៗហ្នឹងច្បាស់ជាងគេហើយ!
ជាធម្មតា សិស្ស-និស្សិតដែលរៀនមិនសូវពូកែ មិនទាន់ដល់ថ្ងៃប្រលង ឬមិនទាន់ដល់ថ្ងៃដែលត្រូវប្រគល់កិច្ចការជូនលោកគ្រូ អ្នកគ្រូ ច្រើនតែរៀងរំភើយ
អត់សូវចេះខ្វល់អ្វីឡើយ ទាល់តែទឹកដល់ច្រមុះ ទើបប្រឹងមួយយប់មុនថ្ងៃឲ្យគ្រូ ឬប្រលងហ្នឹងឯង។ និយាយនេះមិនមែនចាប់ទោសអូសដំណើរអ្វីនោះទេ
ពីព្រោះសូម្បីតែសិស្សដែលពូកែៗហ្នឹង ក៏គង់តែមានថ្ងៃខ្ជិល យកលេសដាក់ខ្លួនម្តងម្កាលដូចគ្នា វាជាធម្មជាតិរបស់មនុស្សទៅហើយ។
ប៉ុន្តែការដែលខុសគ្នានោះគឺនៅត្រង់ថា សិស្ស-និស្សិតដែលពូកែៗ គឺពួកគេមានវិន័យផ្ទាល់ខ្លួនខ្ពស់ណាស់ ហើយមានយុទ្ធសាស្ត្រដើម្បីយកឈ្នះភាពខ្ជិលច្រអូសរបស់គេរៀងៗខ្លួនទៀតផង គេមិនបណ្តែតបណ្តោយខ្លួនទៅតាមការអូសទាញរបស់អារម្មណ៍នោះឡើយ។
ខ្ញុំសង្កេតឃើញថា សិស្ស-និស្សិតដែលរៀនពូកែ ពេលពួកគេភ្ញាក់ពីដំណេកនៅថ្ងៃនីមួយៗ ពួកគេតែងតែកត់ត្រានូវកិច្ចការងារដែលពួកគេត្រូវធ្វើប្រចាំថ្ងៃដែលសំខាន់ ហើយបន្ទាន់ ដាក់វាតាមលំដាប់អទិភាព និងកាលកំណត់ដែលត្រូវធ្វើកិច្ចការនោះយ៉ាងល្អ និងមានរបៀបណាស់។ នៅពេលល្ងាច
ពួកគេ ត្រូវត្រួតពិនិត្យមើលឡើងវិញថា តើពួកគេបានបំពេញកិច្ចការងារ តាមផែនការដែលគេបានកំណត់ដែរឬទេ? បើមិនទាន់បានបំពេញទេ
ត្រូវតែមានហេតុផលច្បាស់លាស់ និងអាចពន្យល់អំពីហេតុផលនោះ ឲ្យមានលក្ខណៈសមស្រប ហើយអាចទទួលយកបានទៀតផង។
ឧទាហរណ៍ដូចជាក្នុងករណីដែលអ្នកមកផ្ទះយប់ជ្រុល ដោយកត្តាផ្សេងៗដូចជាភ្លៀង ហើយមិនអាចអនុវត្តន៍ផែនការស្វ័យសិក្សាទៅតាមការគ្រោងទុកបាន
សិស្សពូកែក៏អាចខ្ជិល និងអាចមានលេសដូចខាងក្រោមនេះ ដែលអាចចាត់ទុកបានថាមានហេតុផលសមរម្យ អាចទទួលយកបាន។ ឥឡូវយប់ហើយ ចាំថ្ងៃស្អែកក្រោកពីព្រឹកព្រលឹមធ្វើវាចុះ ពីព្រោះថាការផ្តោតអារម្មណ៍ និងសមាធិក្នុងការធ្វើវា នឹងប្រសើរឡើងនៅថ្ងៃស្អែក ជាជាងធ្វើវានៅក្នុងពេលឥឡូវនេះ។ ខ្ញុំត្រូវគេងឲ្យបានពេញភ្នែក យកកម្លាំងសិន ដើម្បីអាចអនុវត្តតាមផែនការបន្តទៀត។
សម្រាប់សិស្ស-និស្សិតមួយចំនួនយ៉ាងច្រើន នឹងព្យាយាមបង្កើតលេសឲ្យខ្លួនឯង ហើយច្បាស់ជាជ្រើសយកជម្រើសមើលទូរទស្សន៍ លេងហ្វេសប៊ុក
លេងហ្គែម ជាមួយនឹងលេសថាដើម្បីលំហែរខួរក្បាល ដើម្បីត្រៀមរៀនជំនួសនៅថ្ងៃស្អែកតាមផែនការកំណត់។ ដល់ពេលព្រឹកឡើង
ម៉ោងរោទ៍លាន់ចង់បែកត្រចៀក ប៉ុន្តែយកដៃចុចបិត ហើយតាំងយកលេលដាក់ខ្លួនទៀតថា មិនអាចរៀនបានទេ ពីព្រោះគេងមិនឆ្អែត ផ្តោតអារម្មណ៍មិនបានល្អទេ ចាំស្អែកចុះក៏មិនជាខុសទាស់អ្វីដែរ ពីព្រោះថាថ្ងៃនេះខ្ញុំនឹងដេកឲ្យបានពេញភ្នែកម្តង។ នេះហើយគឺជាលក្ខណៈខុសគ្នារវាងសិស្ស-និស្សិតដែលពូកែនិងសិស្ស-និស្សិតដែលរៀនខ្សោយ ឬមិនសូវពូកែ។
បើអ្នកស្ថិតក្នុងស្ថានភាពយកលេសដាក់ខ្លួនរហូត ដូចក្នុងករណីដែលបានរៀបរាប់ខាងលើនេះ ខ្ញុំសូមជូនជាយោបល់ថាអ្នកគួរតែកត់ត្រាឲ្យបានទៀងទាត់នូវលេសដែលអ្នកបានបង្កើតសម្រាប់ខ្លួនឯងនោះទុក ពីព្រោះថាវាអាចជួយដាស់តឿនអ្នកអោយភ្ញាក់រលឹក ដោយមិនឲ្យអ្នកបង្កើតលេសដដែលៗជាថ្មីទៀតឡើយ មិនតែប៉ុណ្ណោះក៏អាចកាត់បន្ថយការយកលេសនេះ លេសនោះដាក់ខ្លួន បានបន្តិចម្តងៗរហូតដល់អស់ជាក់ជាពុំខានឡើយ។
៣) ដឹងពីកម្រិតថាមពលនៅក្នុងខ្លួន៖
ដើម្បីឲ្យការរៀនរបស់អ្នកបានលទ្ធផលល្អ និងមានប្រសិទ្ធិភាពខ្ពស់ អ្នកត្រូវចេះស្វែងរកពេលវេលាសម្រាប់រៀនឲ្យបានត្រឹមត្រូវ ទីកន្លែងសម្រាប់រៀនឲ្យបានសមរម្យ និងត្រូវដឹងអំពីកម្រិតថាមពលក្នុងខ្លួនរបស់អ្នកថាពេលណា ជាពេលដែលរាងកាយរបស់អ្នកអំណោយផលបំផុត សម្រាប់ការផ្ចង់អារម្មណ៍រៀន។ អ្នកអាចសង្កេតបានថាប្រសិនបើជិតដល់ថ្ងៃប្រលង ហើយអ្នកនៅតែមិនអាចសម្រាក ឬជួបជុំមិត្តភក្តិ ញ៉ាំអាហារនៅខាងក្រៅផ្ទះ រីករាយយប់ថ្ងៃសុក្រ ឬថ្ងៃចុងសប្តាហ៍បាននោះ ពិតណាស់ថាអ្នកច្បាស់ជាមិនបានត្រៀមខ្លួនសម្រាប់ការប្រលងដែលនឹងត្រូវមកដល់នោះទេ។
ហើយការដែលផ្តាច់ខ្លួនអំពីមិត្តភក្តិ ចាក់សោរបន្ទប់អង្គុយរៀន ឬប្រឹងទៅបណ្ណាល័យអង្គុយអានសៀវភៅក្រែងលោបានបួនប្រាំទំព័រដើម្បីប្រលងនឹងគេនោះ
គឺមិនមែនជាវិធីដែលល្អនោះទេ។ ផ្ទុយមកវិញ អ្នកត្រូវប្តូរទំលាប់ដ៏អាក្រក់នេះចោលឲ្យអស់កាន់តែឆាប់ កាន់តែល្អ។ អ្នកគួរត្រៀមលក្ខណៈឲ្យបានល្អជាមុន សិន មុនពេលដែលការប្រលងនីមួយៗឈានចូលមកដល់ ទើបអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់សម្រាក ឬរីករាយជាមួយនឹងមិត្តភក្តិមុនថ្ងៃប្រលងមកដល់។
តាមរយៈការសិក្សាមួយអំពីរាងកាយរបស់មនុស្សបានឲ្យដឹងថា រាងកាយរបស់យើងនៅពេលល្ងាច ចាប់ផ្តើមថមថយកម្លាំង និងមិនសូវមានសកម្មភាពខ្លាំងក្លាដូចពេលព្រឹកព្រលឹមនោះទេ ពីព្រោះជាលក្ខណៈធម្មជាតិរាងកាយរបស់មនុស្សយើងត្រូវការសម្រាកនៅពេលយប់ ដើម្បីជួសជុលភាពមិនប្រក្រតីផ្សេងៗនៃកោសិកា និងដើម្បីត្រៀមប្រតិបត្តិការសម្រាប់ថ្ងៃថ្មីទៀត។ ដូច្នេះមានន័យថា អ្នកនឹងមិនមានថាមពលគ្រប់គ្រាន់ដើម្បីប្រើប្រាស់សម្រាប់ការផ្ចង់អារម្មណ៍ដើម្បីរៀននោះឡើយ ទោះបីជាអ្នកខំប្រឹងប៉ូវជាមួយនឹងអាហារ ឬសាច់ល្អៗយ៉ាងណាក៏ដោយ
បានត្រឹមតែសន្សំក្បាលពោះខ្លាញ់តែប៉ុណ្ណោះ ការរំលាយអាហារក៏មិនដំណើរការបានល្អនោះដែរ។
ត្រូវចាំថា បើមិនរៀនទុកមុនជាប្រចាំដើម្បីត្រៀមប្រលងទេ កុំសង្ឃឹមថាដល់ជិតកៀកថ្ងៃប្រលង អាចផ្តោតអារម្មណ៌រៀនបានល្អប្រសើរឲ្យសោះ
ពីព្រោះមិត្តភក្តិរបស់អ្នកដែលរៀនពូកែៗ ហើយបានត្រៀមខ្លួនរួចជាស្រេចនោះ ច្បាស់ណាស់នឹងមកបបួលអ្នកទៅដើរលេង ឬញ៉ាំនេះ ញ៉ាំនោះនៅខាងក្រៅមិនខានឡើយ ជាលេសថាជិតដល់ថ្ងៃប្រលងហើយ គួរសម្រាកឲ្យបានច្រើនដើម្បីត្រៀមប្រលង កុំរៀនច្រើនពេក កុំធ្វើចារិតសុំាតាប៉ែ គ្មានបានការអ្វីទេ ទៅដើរលេងវិញទៅ។ ដល់ឯងឯណេះធ្វើចិត្តមិនបាន នៅមិនសុខ នឹកឃើញចង់ទៅដែរ ក៏សុខចិត្តទៅតាមគេ រួចគឹតថាចាំមកវិញ ចាំរៀនក៏មិនជាខុសទាស់អ្វីដែរ។ នេះហើយគឺជាទំលាប់អវិជ្ជមាន ដែលអ្នកគួរតែកែប្រែ។ នេះគឺជាទម្លាប់អាក្រក់របស់ខ្ញុំផ្ទាល់តែម្តង កាលពីនៅរៀន។
មួយវិញទៀត ការជ្រើសរើសកន្លែងរៀនដែលស្ងប់ស្ងាត់ល្អ ពុំមានអ្នកមកសួរនាំរំខាន គឺជារឿងមួយដែលមិនគួរមើលរំលង។ ប៉ុន្តែកន្លែងដែលរៀននោះ ក៏មិនគួរជ្រើសរើសយកកន្លៃងណាដែលស្រណុកស្រួលពេកដែរ។ ឧទាហរណ៍ដូចជាសាឡុង ឬកៅអីពូកផ្អែក ពីព្រោះថាវាអាចទាក់ទាញឲ្យអ្នកបើកភ្នែកមិនរួច ចេះតែចង់បិទភ្នែកគេង បើមិនដូចច្នោះច្បាស់ជាយកសៀវភៅគ្របមុខ ថាម៉ាភ្លែតចុះមិនអីទេ ដល់ដឹងខ្លួនឡើងវិញ ជិត២-៣ម៉ោងឯណោះ ក៏សឹងតែមានដែរ។ ហេតុដូចនេះហើយ ការចេះជ្រើសរើសកន្លែងសម្រាប់រៀនគឺសំខាន់ណាស់ រើសកន្លែងណាដែលអ្នកមិនមានឱកាសអាចធ្វើរឿងទាំងឡាយណាដែលទាក់ទាញអ្នកឲ្យបែកស្លុយ ឬបែកអារម្មណ៍ក្នុងការរៀនកាន់តែតិច គឺកាន់តែល្អ ទើបអ្នកអាចសម្រេចបានការផ្ចង់អារម្មណ៍រៀនរយៈពេលខ្លី
ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដែលយើងបានលើកឡើងខាងលើនេះបាន។ ការផ្លាស់ប្តូរកន្លែងដែលត្រូវរៀន ដូចជាថ្ងៃនេះកន្លែងនេះ ថ្ងៃស្អែកកន្លែងនោះ
ក៏ជាវិធីសាស្រ្តដ៏ទាក់ទាញមួយដែរ សម្រាប់អ្នកដែលចង់ឲ្យមានការផ្ចង់អារម្មណ៍បានល្អ ដើម្បីជម្រុញថាមពលក្នុងការសិក្សារបស់ខ្លួន ឲ្យទទួលបានលទ្ធផលល្អ។ រឿងមួយមិនត្រូវភ្លេចនោះគឺត្រូវរៀននៅពេលដែលថាមពលរាងកាយ និងថាមពលខួរក្បាលរបស់អ្នកកំពុងតែពេញ ហើយស្រស់ស្រាយពីព្រោះថាថាមពលរាងកាយ និងខួរក្បាល គឺជាថាមពលដែលមានកំណត់សម្រាប់ថ្ងៃនីមួយៗ ដូចជាថ្មទូរសព្ទដៃរបស់អ្នកយ៉ាងអុីចឹងដែរ។
ដូច្នេះគប្បីប្រើវាឲ្យបានត្រឹមត្រូវ ប្រកបដោយភាពវ័យឆ្លាត។ ហើយត្រូវតែសម្រាកពី១០-១៥នាទីដាច់ខាត រៀងរាល់មួយម៉ោងម្តង។
បន្ទាប់មកអ្នកអាចបន្តធ្វើបែបនេះឡើងវិញជាថ្មីម្តងទៀត។ ប្រសិនបើអ្នកចង់បន្តការរៀនបន្តទៀតឲ្យបានយូរនោះ។ ក្នុងករណីដែលអ្នកងងុយគេងខ្លាំង
ធ្លាក់ភ្នែកហើយនោះ ហាមដាច់ខាតរត់ទៅយកទឹកលុបមុខ ហើយខំប្រឹងត្រដររៀនបន្តទៀត។ អ្នកគួរតែសម្រាកទៅ មានន័យថាថាមពលរាងកាយ និងខួរក្បាលរបស់អ្នកអស់ហើយ ដល់ពេលសាកថ្មហើយ។
រៀនកាន់តែច្រើន គួរញ៉ាំទឹកឲ្យបានកាន់តែច្រើន។ ហាមដាច់ខាតការដែលជ្រើសរើសយកការអត់ញ៉ាំអាហារ ឬញ៉ំភេសជ្ជៈផ្សេងៗជំនួសឲ្យទឹក និងសំកុកអង្គុយរៀន ខំប្រឹងបឺតកាហ្វេទប់ទល់នឹងការងោកងុយ។ បើអ្នកធ្វើដូចនេះ រាងកាយរបស់អ្នកនឹងប្រឈមមុខជាមួយនឹងការបាត់បង់ជាតិទឹក
ហើយឆាប់ហែវហត់អស់កម្លាំងមិនខាន។
៤) ទៅរៀនឲ្យបានទៀងទាត់៖
ផ្តោតអារម្មណ៍ឲ្យបានខ្លាំងនៅពេលដែលអ្នកកំពុងតែរៀនជាមួយនឹងគ្រូផ្ទាល់នៅក្នុងថ្នាក់រៀន ហើយព្យាយាមកត់ត្រាចំណាំឲ្យបានត្រឹមត្រូវ ប្រកបដោយជំនាញ និងភាពឆ្លាតវ័យ។
វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនដែលមានប្រសិទ្ធភាពខ្ពស់ ហើយសាមញ្ញដែលអាចជួយអ្នកកុំឲ្យមានបញ្ហានៅពេលក្រោយ ឬនៅពេលប្រលងនោះគឺ ត្រូវទៅរៀនឲ្យបានទៀងទាត់។ មិនថាអ្នកអស់កម្លាំង ល្ហិតល្ហៃ រវល់
ឬមានអការៈធីងធោងវិលមុខ ចង់កើតរោគខ្ជិលបន្ទាប់ពីស្រវឹងពីយប់ម៉ិញយ៉ាងណាក៏ដោយចុះ ការទៅរៀនឲ្យបានជាប់លាប់គឺជាវិធីសាស្ត្រមួយដែលអាចជួយអ្នកឲ្យក្តាប់បាននូវស្ថានភាពមេរៀនឬឯកសារមេរៀនផ្សេងៗ ដែលគ្រូចែកឲ្យ ឬក៏ពួកគាត់អាចនឹងមានការពន្យល់ក្រៅណាមួយបន្ថែមទៀត តាមរយៈឯកសារនោះ លើសពីអ្វីដែលមានតែនៅក្នុងសៀវភៅ។
ប្រសិនបើអ្នកអវត្តមាន១ថ្ងៃ នោះមានន័យថាអ្នកត្រូវចំនាយពេលដើម្បីរៀនមេរៀនដែលអ្នកខកខានមិនបានរៀននោះនៅថ្ងៃបន្ទាប់ជាក់ជាពុំខានឡើយ។
ដូចនេះ ដើម្បីកុំឲ្យពិបាករៀនសង ត្រូវតែទៅរៀនឲ្យបានជាប់លាប់។ ការដែលអ្នកទៅរៀនរាល់ថ្ងៃ ជាការពិតគឺមិនអាចជួយអ្នកឲ្យក្លាយជានិស្សិតនិទ្ទេសA បានមួយរយភាគរយនោះទេ លុះត្រាតែអ្នកមានវិធីសាស្ត្រដើម្បីកត់ត្រាចំណុចសំខាន់ៗ ខ្លឹមសារនៃមេរៀននីមួយៗបានច្បាស់លាស់ មានរបៀប ហើយរៀន ឬរំលឹករាល់កំណត់ត្រាដែលអ្នកបានកត់ចំណាំទាំងនោះយ៉ាងត្រឹមត្រូវ និងបានទៀតទាត់ ទើបអាចធានាថាអ្នកនឹងទទួលបាននិទ្ទេសល្អ។
រីឯវិធីសាស្ត្រក្នុងការកត់ត្រានោះវិញ គឺមានលក្ខណៈប្លែកៗពីគ្នាទៅតាមមុខវិជ្ជាដែលអ្នករៀន។ ឧទាហរណ៍ដូចជាមុខវិជ្ជាមួយចំនួនដែលមិនមែនជាមុខវិជ្ជាបច្ចេកទេស ដូចជាមុខវិជ្ជានយោបាយ ប្រវត្តិសាស្ត្រ ទស្សនៈវិជ្ជាជាដើម អ្នកគួរតែកត់ត្រានូវគោលគំនិតមេ ដែលអាចក្តោបអត្ថន័យសម្រាប់មេរៀននីមួយៗទាំងមូលតែម្តង។ ចេះច្បិចយកគោលគំនិតសំខាន់ៗរបស់មេរៀន ក៏ដូចជាទ្រឹស្តី ឬទស្សនៈផ្ទុយដែលមាននៅក្នុងមេរៀននីមួយៗ ហើយកត់ត្រាវាទុកដោយអ្នកអាចបែកចែកវា ទៅតាមផ្នែកនីមួយៗដូចជា៖ ផ្នែកសំណួរ ផ្នែកអំណះអំណាង និងផ្នែកសរុបសេចក្តី។
រាល់កំណត់ត្រានីមួយៗរបស់អ្នក គួរតែផ្ទុកទៅដោយចម្លើយទៅនឹងសំណួរមេដែលក្តោបអត្ថន័យទាំងស្រុងរបស់មេរៀននីមួយៗ។ ឧទាហរណ៍ដូចជា៖ ហេតុអ្វីចក្រភពរ៉ូមដួលរលំ? កំណត់ត្រាដែលល្អចំពោះសំនួរមេនេះ គឺជាចម្លើយបែបសរុបសេចក្តី ដែលផ្ទុកទៅដោយអំណះអំណាងជាហូរហែរ ដែលបានបញ្ជាក់នៅក្នុងមេរៀនរួចហើយ គ្រាន់តែយើងសង្ខេបខ្លីៗ កត់ទុកឲ្យមានរបៀប ងាយស្រួលរំលឹកទៅតាមផ្នែកនីមួយៗ ដូចដែលបានរៀបរាប់ខាងលើ។
ជាភ័ព្វសំណាងសម្រាប់អ្នក ការកត់ត្រាសម្រាប់មុខវិជ្ជាបែបនេះមិនជាការលំបាកនោះទេ ដែលលំបាកនោះគឺមុខវិជ្ជាបច្ចេកទេស ឬវិទ្យាសាស្ត្រដែលតម្រូវឲ្យអ្នកប្រសព្វក្នុងការកត់ត្រារាល់បញ្ហា សមីការ រូបមន្ត និងបច្ចេកទេសក្នុងការដោះស្រាយឲ្យបានលឿន ហើយមានកំហុសតិច។ ហើយក្នុងមុខវិជ្ជាទាំងនេះ លោកគ្រូ អ្នកគ្រូរបស់អ្នក អាចនឹងប្រើវិធីកាត់ក្នុងការស្វែងរកដំណោះស្រាយ ហើយពន្យល់លឿន ដែលអាចធ្វើអោយអ្នកចាប់មិនទាន់ វង្វេង ឬកត់ត្រាមិនទាន់តែទៀតផង។ បើសិនជាអ្នកជួបដូចករណីនេះ ខ្ញុំសូមជូនជាយោបល់ថាអ្នកគួរចោទជាសំនួរឡើង ដើម្បីឲ្យប្រាកដថាអ្នកយល់ចំនុចដែលស្រពិចស្រពិលនោះ។ មានសិស្ស-និស្សិតមិនតិចទេ ដែលកត់ត្រាហើយមើលកំណត់ត្រារបស់ខ្លួនឯងហ្នឹងមិនយល់។
៥) រៀនអ្វីដែលចាំបាច់៖
ការរៀនដែលមានប្រសិទ្ធភាព មួយភាគធំគឺអាស្រ័យទៅលើវិធីសាស្ត្រ និងបច្ចេកទេសក្នុងការរៀនតែម្តង។
ដើម្បីរៀនឲ្យទទួលបានផលវិជ្ជមាន ហើយចាំបានយូរនោះ គឺអ្នកគួររៀនអ្វីដែលអ្នកគិតថាវាចាំបាច់សម្រាប់អ្នក។ មានសិស្ស-និស្សិតជាច្រើនព្យាយាមរៀនអ្វីៗសព្វបែបយ៉ាង តាំងពីមេរៀន ដំបូង រហូតដល់មេរៀនចុងក្រោយ ពីព្រោះគាត់មានពេលវេលារៀនវា។ ប៉ុន្តែនេះមិនមែនជាវិធីដែលល្អនោះទេ។ ត្រូវរំលឹកខ្លួនឯងជារឿយៗថា អ្នកមិនចាំបាច់រៀនអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យការប្រលងរបស់អ្នកទទួលបាននិទ្ទេសល្អនោះទេ អ្នកគួររៀនតែអ្វីដែលវាពាក់ព័ន្ធជាមួយនឹងការប្រលង ឬការសរសេរសារណារបស់អ្នកប៉ុណោ្ណះ គឺជាការស្រេច។
ក្រៅតែអំពីការចេះកំណត់ថាប្រធានបទដែលពាក់ព័ន្ធអ្វីខ្លះដែលអ្នកគួរតែរៀន អ្នកក៏គួរតែពិចារណាផងដែរនៅចំណុចលម្អិតផ្សេងៗដែលអ្នកយល់ថាវាមានប្រយោជន៍គួរតែចងចាំ។ ដើម្បីរៀនសម្រាប់ការប្រលងឲ្យបានជោគជ័យ អ្នកគួរសួរខ្លួនឯងថា៖ តើការប្រលងហ្នឹង គេផ្តោតសំខាន់ទៅលើអ្វី? តើខ្ញុំត្រូវការចាំនូវរាល់កាលបរិច្ឆេទនៃព្រឹត្តការណ៍នីមួយៗ ក៏ដូចជាឈ្មោះមនុស្សសំខាន់ៗមួយចំនួននៅក្នុងមេរៀនទាំងនោះដែរឬទេ? តើខ្ញុំត្រូវពន្យល់និយមន័យសំខាន់ៗដែលស្មុគស្មាញទាំងនោះដែរឬទេ?
បន្ទាប់ពីអ្នកបានបង្រួមការផ្តោតអារម្មណ៍របស់អ្នកមកលើមេរៀនណាមួយជាក់លាក់រួចហើយ អ្នកគួរព្យាយាមធ្វើតេស្ត៍សាកល្បងលើខ្លួនឯង ឲ្យបានច្រើនសារ ចុះឡើងៗ រហូតដល់អ្នកចាំ ឬស៊ាំនឹងវា ឬក៏អាចនិយាយបានថាគ្រាន់តែក្រឡេកឃើញដឹងចម្លើយបាត់ទៅហើយ។ មានវិធីសាស្ត្រ១ទៀតដែលអ្នកអាចយកមកប្រើបានដែរនោះគឺត្រូវរៀនបង្កើតប្រយោគ ឬឃ្លោងឃ្លាដោយប្រើប្រាស់នូវពាក្យសម្តីរបស់អ្នកផ្ទាល់ ជៀសវាងការដែលយើងកូពីពាក្យសម្តីរបស់គេទាំងស្រុងយកមកសរសេរ នោះអ្នកនឹងមិនបានពិន្ទុច្រើនពីគ្រូរបស់អ្នកឡើយ។
គួររៀនចេះបង្កើតសំនួរសម្រាប់មេរៀននីមួយៗ ហើយស្វែងរកចម្លើយទៅនឹងសំនួរនោះនៅក្នុងមេរៀននីមួយៗឲ្យបានសព្វគ្រប់ ដើម្បីត្រៀមសម្រាប់ការប្រលង ក៏ដូចជាបំបែកគំនិតទៅលើមេរៀននីមួយៗ ឲ្យកាន់តែស៊ីជំរៅបន្ថែមទៀត ក៏ដូចជាទុកសម្រាប់សួរទៅគ្រូផងដែរ។ ពេលដែលគ្រូសួរថា
មានសំនួរអីអត់? នោះអ្នកមុខជានឹងមិនខ្វះសំនួរដើម្បីសួរគាត់ទេ។ ហើយនៅពេលដែលអ្នកអាចឆ្លើយសំនួរសាកល្បងដែលអ្នកបានរៀបចំឡើងដោយខ្លួនអ្នកផ្ទាល់បានត្រឹមត្រូវល្អហើយនោះ មានន័យថាអ្នកបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការប្រលងដែលនឹងឈានចូលមកដល់ដ៏ឆាប់ខាងមុខ។
បន្ថែមលើនេះទៀត អ្នកគួរស្វែងរកជំនួយពីមិត្តភក្តិ ឬក៏លោកគ្រូ អ្នកគ្រូ នៅពេលណាដែលអ្នកមានចម្ងល់ទាក់ទងទៅនឹងចំណុចណាមួយដែលអ្នកយល់មិនច្បាស់ ឬខកខានមិនបានកត់ត្រា ឬអវត្តមានមិនបានមករៀនសម្រាប់មេរៀនឯណានីមួយនោះ។ អ្នកត្រូវដឹង និងចងចាំឲ្យបានច្បាស់នូវអ្វីៗដែលគ្រូរបស់អ្នកចង់ឲ្យអ្នកដឹង នោះអ្នកនឹងទទួលបានពិន្ទុខ្ពស់ពីថ្នាក់របស់គាត់មិនខានឡើយ៕
ដោយក្តីស្រាលាញ់ រាប់អាន!
លោកគ្រូ នី វាសនា