ជោគជ័យក្នុងការសិក្សាមិនមែនគ្រាន់តែអាចទទួលបានពិន្ទុល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏រាប់បញ្ចូលនូវការអភិវឌ្ឍជំនាញ និងទម្លាប់ដែលនឹងជួយអ្នកឱ្យជោគជ័យនៅក្នុងជីវិតផងដែរ។ ខណៈពេលដែលចំណាត់ថ្នាក់ និងលទ្ធផលនៃការសិក្សាមានសារៈសំខាន់ក៏ពិតមែន ក៏ប៉ុន្តែវាមិនគួរជារង្វាស់តែមួយគត់នៃភាពជោគជ័យនោះទេ។ ជាការពិត ទម្លាប់ដែលអ្នកបានបង្កើតឡើងកាលនៅជាសិស្ស-និស្សិត អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសិក្សា ការងារ និងវិជ្ជាជីវៈរបស់អ្នកនាពេលអនាគត។
ដើម្បីក្លាយជាសិស្សពូកែបាន គឺអ្នកត្រូវអភិវឌ្ឍផ្នត់គំនិត ជំនាញ និងទម្លាប់ដ៏ត្រឹមត្រូវជាច្រើន រួមបញ្ចូលទាំងវិធីសាស្រ្តក្នុងការរៀនសូត្រឲ្យបានសកម្ម និងបានជាប់លាប់។ អ្នកត្រូវតែមានទំនួលខុសត្រូវខ្ពស់ចំពោះលទ្ធផលក្នុងការសិក្សានិងភាពជោគជ័យសម្រាប់ខ្លួនអ្នក ដោយត្រូវអភិវឌ្ឍផ្នត់គំនិតរីកចម្រើនជាប្រចាំ។ ការយកចិត្តទុកដាក់អភិវឌ្ឍន៍ខ្លួន និងការបង្កើតទម្លាប់ល្អៗនានា អាចធ្វើឱ្យការសិក្សារបស់អ្នក ប្រសើរឡើង និងអាចរុញច្រានអ្នកឲ្យទទួលបានជោគជ័យលើគ្រប់វិស័យនៃជីវិតរបស់អ្នកថែមទៀតផង។
នៅក្នុងអត្ថបទនេះ យើងពិភាក្សាអំពីទម្លាប់៥យ៉ាង ដែលសិស្សទទួលបានជោគជ័យតែងតែប្រឹងប្រែងរក្សា ដុសខាត់ ដើម្បីកែលម្អការសិក្សារបស់ពួកគេ។ ទម្លាប់ទាំង៥នេះ ត្រូវបានកំណត់ដោយផ្អែកលើការស្រាវជ្រាវ និងការសង្កេតទៅលើសិស្សជាច្រើនដែលទទួលបានជោគជ័យរួចមកហើយ។ ពួកគេបានអនុវត្តទម្លាប់ទាំងនេះហើយឃើញថាមានប្រសិទ្ធភាពខ្ពស់ និងជួយជំរុញពួកគេឲ្យកាន់តែស្រលាញ់ចូលចិត្តការសិក្សាពេញមួយជីវិតផងដែរ។ មិនថាអ្នកជាសិស្សវិទ្យាល័យ និស្សិតមហាវិទ្យាល័យ ឬក៏ជាអ្នកដែលចូលចិត្តរៀនសូត្រពេញមួយជីវិតនោះទេ ទម្លាប់ទាំងនេះអាចជួយអ្នកឱ្យទទួលបានជោគជ័យក្នុងការខិតខំប្រឹងប្រែងសិក្សារបស់អ្នកនៅក្នុងជីវិត។ ដូច្នេះកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្វែងយល់ទម្លាប់ទាំង៥នោះ ដូចតទៅ៖
ទម្លាប់ទី១៖ បង្កើតផែនការ
ទម្លាប់សំខាន់បំផុតមួយដែលសិស្សជោគជ័យតែងតែធ្វើនោះគឺ ការបង្កើតផែនការសិក្សា។ ដូចសុភាសិតរបស់លោក Benjamin Franklin បានលើកឡើងថា “If you fail to plan, you plan to fail” ដែលមានន័យថាប្រសិនបើអ្នកមិនចេះរៀបផែនការដើម្បីសម្រេចអ្វីមួយទេនោះ អ្នកមុខតែនឹងមិនអាចទទួលបានជោគជ័យនោះឡើយ។ នៅពេលអ្នកមានផែនការច្បាស់លាស់ អ្នកនឹងអាចរៀបចំពេលវេលារបស់អ្នកបានប្រសើរជាងមុន ប៉ុន្តែត្រូវប្រាកដថាផែនការរបស់អ្នកបានដាក់បញ្ចូលនូវធាតុសំខាន់ចាំបាច់រួចរាល់ហើយ។ ទម្លាប់រៀបផែនការនេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានវគ្គសិក្សាច្រើន មានទាំងសកម្មភាពក្រៅកម្មវិធីសិក្សាផង និងមានទំនួលខុសត្រូវផ្សេងទៀតផងដែរ។
ទាក់ទងនឹងការធ្វើផែនការនេះ មានបច្ចេកទេសជាច្រើនប៉ុន្តែគ្មានបច្ចេកទេសជាក់លាក់ណាមួយដែលល្អបំផុតនោះទេ វាគឺអាស្រ័យទៅលើកាលវិភាគសិក្សារបស់អ្នកផ្ទាល់តែម្តង។ សិស្សខ្លះចូលចិត្តប្រើប្រតិទិនដើម្បីរៀបចំផែនការ និងកិច្ចការផ្សេងៗដោយបានបញ្ជាក់ពេលវេលាកំណត់ច្បាស់លាស់ ខណៈពេលដែលសិស្សខ្លះទៀតចូលចិត្តកំណត់គោលដៅប្រចាំថ្ងៃ និងកំណត់អាទិភាពកិច្ចការទៅតាមភាពចាំបាច់ និងបន្ទាន់របស់កិច្ចការទាំងនោះ។ នៅពេលអ្នកកាត់បន្ថយភាពតានតឹង ការផ្តោតអារម្មណ៍របស់អ្នកនឹងបានប្រសើរឡើង ចំណែកឯសុខភាពទូទៅ និងសុខភាពផ្លូវចិត្តរបស់អ្នកក៏បានប្រសើរឡើងផងដែរ។ ការរៀបផែនការដើម្បីសម្រេចកិច្ចការអ្វីមួយ ប្រកបដោយការទទួលខុសត្រូវក៏ជាចំណែកមួយជួយលើកទឹកចិត្តអ្នកផងដែរ ពីព្រោះថាអ្នកអាចតាមដានវឌ្ឍនភាពរបស់អ្នក និងមើលឃើញដោយផ្ទាល់ពីអ្វីដែលអ្នកសម្រេចបានតាមពេលវេលាកំណត់។ លើសពីនេះ វាក៏ជួយបង្វឹកអ្នកអភិវឌ្ឍជំនាញគ្រប់គ្រងពេលវេលាឱ្យកាន់តែប្រសើរឡើងថែមទៀតផង ដែលជាជំនាញដ៏មានសារៈសំខាន់ដើម្បីទទួលបានជោគជ័យក្នុងជីវិត។
មួយវិញទៀត អ្នកត្រូវកំណត់គោលដៅដែលអាចអនុវត្តបាននិងមិនរវើរវាយ ដោយអ្នកអាចគិតពិចារណាអំពីអ្វីដែលអ្នកចង់សម្រេចបានខ្លីៗឆាប់ៗខាងមុខ នៅក្នុងវគ្គសិក្សានីមួយៗ។ គោលដៅណាដែលធំៗ អ្នកត្រូវបំបែកវាទៅជាគោលដៅតូចៗសិន ដើម្បីងាយស្រួលអនុវត្ត និងអាចគ្រប់គ្រងបាន។ បន្ទាប់មកទៀតគួរកំណត់កាលបរិច្ឆេទក្នុងការសម្រេចឲ្យបាននូវគោលដៅនីមួយៗ។ ប៉ុន្តែកុំភ្លេចឲ្យសោះ ត្រូវមានភាពបត់បែន និងត្រូវចេះសម្របខ្លួនតាមកាលៈទេសៈ ហើយក៏ត្រូវចេះកែសម្រួលផែនការតាមតម្រូវការផងដែរ ដើម្បីការពារពីព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក ឬការផ្លាស់ប្តូរឯណានីមួយ នៅក្នុងកាលវិភាគរបស់អ្នក។
ទម្លាប់ទី ២: រក្សាការផ្តោតអារម្មណ៍
ទម្លាប់រក្សាការផ្តោតអារម្មណ៍ គឺជាទម្លាប់សំខាន់នាំទៅរកភាពជោគជ័យ ជាពិសេសនៅក្នុងពិភពលោកដែលពោរពេញទៅដោយការរំខានគ្រប់បែបយ៉ាង។ សិស្សប្រឈមមុខនឹងការរំខានផ្សេងៗពេលកំពុងសិក្សា ដែលធ្វើអោយពួកគេពិបាកក្នុងការផ្តោតអារម្មណ៍ទៅលើការសិក្សារបស់ពួកគេ។ ការរំខានទាំងនេះអាចមកពីកត្តាខាងក្រៅ ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម ទូរទស្សន៍ ឬបរិយាកាសរំខាន ឬកត្តាខាងក្នុងដូចជាអស់កម្លាំង និងអផ្សុកជាដើម។
សិស្សដែលជោគជ័យ គឺចេះប្រើប្រាស់យុទ្ធសាស្រ្តដើម្បីរក្សាការផ្តោតអារម្មណ៍របស់ពួកគេបានយ៉ាងល្អ។ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយ គឺត្រូវស្វែងរកកន្លែងសិក្សាណាដែលមានសភាពស្ងប់ស្ងាត់។ បរិយាកាសសិក្សាស្ងប់ស្ងាត់ អាចជួយលប់បំបាត់ការរំខានផ្សេងៗពីខាងក្រៅបាន និងជួយបង្កើតបរិយាកាសដែលអំណោយផលដល់ការសិក្សា។ វាអាចជាបន្ទប់សិក្សាដែលអ្នកបានរៀបចំ ឬកំណត់ទុកជាមុនថានឹងប្រើប្រាស់វាសម្រាប់តែការសិក្សាប៉ុណ្ណោះ ឬអាចជាបណ្ណាល័យជាដើម។
បិទទូរសព្ទរបស់អ្នក ឬទុកវាចោលក្នុងអំឡុងពេលសិក្សា ក៏អាចជួយលុបបំបាត់ការទាក់ទាញចិត្តរបស់អ្នក ឲ្យចេះតែចង់ពិនិត្យមើលការជូនដំណឹង (notifications) ឬចូលទៅលេងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបានដែរ។
ការសម្រាកក៏ជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់រក្សាការផ្តោតអារម្មណ៍ផងដែរ។ នៅពេលអ្នកសិក្សាក្នុងរយៈពេលយូរ អ្នកអាចនឹងអស់កម្លាំង កម្លាំងចិត្តថមថយ ដែលនាំឱ្យមានការបែកអារម្មណ៍។ ការសម្រាកខ្លីៗប្រហែលជា១៥នាទី ក្នុងរវាង១ម៉ោងម្តង អាចជួយសិស្សឱ្យស្រស់ស្រាយក្នុងចិត្ត ទទួលបានថាមពលឡើងវិញ និងមានអារម្មណ៍បន្តការសិក្សាទៅមុខបន្តទៀត ។ អត្ថប្រយោជន៍នៃការរក្សាការផ្តោតអារម្មណ៍មានច្រើន ប៉ុន្តែអត្ថប្រយោជន៍សំខាន់បំផុតមួយដែលគ្រប់គ្នាបានដឹងនោះគឺ វាជួយឲ្យយើងទន្ទេញមេរៀនឆាប់ចាំ។ នៅពេលដែលយើងមានការផ្តោតអារម្មណ៍ យើងងាយយល់ និងអាចចងចាំបានលឿន និងមិនសូវចំណាយថាមពលឬពេលវេលាច្រើននោះឡើយ។
ទម្លាប់ទី ៣៖ អានឱ្យបានទៀងទាត់
ការបង្កើតទម្លាប់អានជាប្រចាំ គឺជាកត្តាសំខាន់បំផុតសម្រាប់អ្នកដែលចង់ជោគជ័យក្នុងការសិក្សា។ សិស្សភាគច្រើនគឺរីកចម្រើន តាមរយៈការបង្កើនកម្រិតលំបាកនៃមតិកាសិក្សារបស់ពួកគេ ទាំងបរិមាណ និងភាពស្មុគស្មាញនៅក្នុងកម្មវិធីសិក្សា។ ដូច្នេះការកសាងជំនាញអានដ៏រឹងមាំតាំងពីវ័យក្មេង គឺសំខាន់ណាស់។ ការអានបានទៀងទាត់ ជួយកែលម្អវាក្យសព្ទ ការយល់ដឹង និងជំនាញក្នុងការគិត ការត្រិះរិះពិចារណា ដែលវាសុទ្ធសឹងតែចាំបាច់បំផុតសម្រាប់ភាពជោគជ័យក្នុងការសិក្សា។
មធ្យោបាយដ៏ល្អបំផុតមួយដើម្បីបង្កើនជំនាញអានរបស់អ្នកគឺ អនុវត្តការអានឱ្យបានទៀងទាត់។ អ្នកអាចចាប់ផ្តើមជាមួយនឹងមតិកាស្រួលៗ ងាយយល់ មិនវែងពេក ហើយចាប់ផ្តើមបង្កើនបរិមាណច្រើនឡើងៗ ក៏ដូចជាបង្កើនភាពស្មុគស្មាញចំពោះមាតិកាដែលត្រូវអានផងដែរ។ តាមរយៈការកំណត់គោលដៅ ច្បាស់លាស់ អ្នកអាចតាមដានវឌ្ឍនភាពរបស់ពួកខ្លួន និងអាចបង្កើនជំនាញអានឲ្យកាន់តែប្រសើរឡើង។
ក្រៅពីសៀវភៅសិក្សា អ្នកក៏អាចទទួលបានប្រយោជន៍ជាច្រើនពីការអានសម្ភារៈផ្សេងៗទៀតដូចជា កាសែត ឬទស្សនាវដ្ដីជាដើម។ សម្ភារៈទាំងនេះអាចផ្តល់នូវទស្សនៈផ្សេងៗគ្នា និងជួយពង្រីកមូលដ្ឋានចំណេះដឹងរបស់អ្នកបានយ៉ាងល្អប្រសើរ។
រឿងសំខាន់មួយដែលអ្នកត្រូវចងចាំគឺថា ការអានឲ្យបានទៀងទាត់គឺមិនមែនអានឲ្យតែបានៗ ឬគ្រប់ម៉ោងតាមការកំណត់ ដាក់គោលដៅអាននោះទេ គឺជាការអានឲ្យយល់ អានឲ្យមានប្រសិទ្ធភាព មានន័យថារយៈពេលចំណាយកាន់តែតិច ហើយយល់មាតិកាបានកាន់តែច្រើន និងល្អប្រសើរឡើង។
ទម្លាប់ទី៤៖ សួរសំណួរ
ការសួរសំណួរក៏ជាទម្លាប់ដ៏សំខាន់មួយផងដែរ ដែលសិស្សជោគជ័យតែងតែយកមកប្រើជាញឹកញាប់។ ការសួរសំណួរគឺចាំបាច់ណាស់ នៅពេលដែលអ្នកមិនយល់អ្វីមួយ ត្រូវការការបំភ្លឺ ឬចង់ដឹងបន្ថែម។
នៅពេលអ្នកសួរសំណួរ អ្នកអាចយល់កាន់តែច្បាស់អំពីអ្វីដែលអ្នកកំពុងតែសិក្សា ដែលអាចជួយអ្នកឱ្យទទួលបានលទ្ធផលកាន់តែប្រសើរជាងមុន រាល់ពេលដែលអ្នកប្រឡងម្តងៗ។ សិស្សដែលជោគជ័យបានប្រើយុទ្ធសាស្រ្តនេះ ដូចជាការរៀបចំសំណួរទុកជាមុន សួរសំណួរជាក់លាក់និងមានគោលដៅ។
ពួកគេក៏យល់ថាមិនមានសំណួរណាមួយ ត្រូវបានចាត់ទុកថាជាសំណួរឆោតល្ងង់ ឬជាសំណួរដែលមិនគួរចោទសួរនោះទេ។ អត្ថប្រយោជន៍នៃការសួរសំណួររួមមាន៖
ទោះជាយ៉ាងណាក៏ដោយ សិស្សខ្លះអាចស្ទាក់ស្ទើរ ព្រោះខ្លាចគេមើលមកខ្លួនថាល្ងង់ ឬរំខានគ្រូ។ មិនមែនបែបនោះទេ គិតបែបនេះគឺខុសហើយ តួរនាទីរបស់គ្រូនៅក្នុងទីនេះ គឺដើម្បីជួយសិស្ស និងចង់ឱ្យសិស្សទទួលបានជោគជ័យ និងយល់ច្បាស់ពីមាតិកាដែលគាត់កំពុងតែបង្រៀន។ ដូច្នេះអ្នកមិនគួរភ័យខ្លាច ក្នុងការស្វែងរកការណែនាំពីលោកគ្រូ ឬអ្នកគ្រូរបស់អ្នកនោះទេ។
ទម្លាប់ទី៥៖ សុំជំនួយ
សិស្សដែលមានផ្នត់គំនិតជោគជ័យដឹងថា ការសុំជំនួយពីគ្រូនៅពេលដែលពួកគេប្រឈមមុខទៅនឹងបញ្ហាក្នុងការសិក្សា គឺជាសញ្ញានៃភាពរឹងមាំ មិនមែនជាភាពទន់ខ្សោយនោះទេ។ ពួកគេយល់ថាការស្វែងរកជំនួយគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីយកឈ្នះលើឧបសគ្គ និងអាចសម្រេចបាននូវគោលដៅសិក្សា ដែលបានកំណត់។ ប៉ុន្តែសម្រាប់សិស្សជាច្រើន ការស្វែងរកជំនួយក្នុងការសិក្សា អាចជាកិច្ចការដ៏គួរឱ្យភ័យខ្លាច និងអាម៉ាស់ ជាពិសេសនៅពេលដែលពួកគេមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា។
យុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយសម្រាប់ការស្វែងរកជំនួយប្រកបដោយប្រសិទ្ធភាព គឺការកំណត់បញ្ហាជាមុនឲ្យបានច្បាស់លាស់។ នេះមានន័យថាការទទួលស្គាល់កន្លែងដែលអ្នកមិនយល់ ឬមានអារម្មណ៍ថាច្របូកច្របល់ អ្នកត្រូវតែមានភាពស្មោះត្រង់ចំពោះផ្នែកនេះ ពីព្រោះថាវាគឺត្រូវការ ការកែលម្អជាបន្ទាន់។ នៅពេលដែលអ្នកបានកំណត់បញ្ហាហើយ ជំហានបន្ទាប់ គឺត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់សម្រាប់ខ្លួនអ្នក។ វាអាចជួយអ្នកឱ្យផ្តោតអារម្មណ៍ និងចេះប្រើប្រាស់ធនធានដែលមានបានល្អបំផុត។
មានប្រភពជំនួយជាច្រើន ដែលអ្នកអាចរកបាន នៅពេលអ្នកត្រូវការជំនួយ រួមមានទីប្រឹក្សាសិស្សនៅក្នុងសាលារបស់អ្នក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ជាដើម។ល។ សិស្សដែជោគជ័យដឹងពីរបៀបជ្រើសរើសធនធាននៃប្រភពជំនួយទាំងនេះ យ៉ាងត្រឹមត្រូវសម្រាប់បំពេញតម្រូវការរបស់ពួកគេ ហើយពួកគេក៏មិនដែលស្ទាក់ស្ទើរ ក្នុងការស្វែងរកជំនួយពីប្រភពខាងលើនេះ នៅពេលចាំបាច់ណាមួយនោះដែរ។
ដោយក្តីស្រលាញ់ រាប់អាន
លោកគ្រូនី វាសនា
We use cookies to improve your experience on our site. By using our site, you consent to cookies.
Manage your cookie preferences below:
Essential cookies enable basic functions and are necessary for the proper function of the website.
These cookies are needed for adding comments on this website.
These cookies are used for managing login functionality on this website.
Statistics cookies collect information anonymously. This information helps us understand how visitors use our website.
Google Analytics is a powerful tool that tracks and analyzes website traffic for informed marketing decisions.
Service URL: policies.google.com (opens in a new window)