បុរាណមែន តែគេនៅប្រើដល់សព្វថ្ងៃ

អរិយធម៌ចិន (中华文明 [Zhōnghuá wénmíng]) ដែលមានអាយុកាលរាប់ពាន់ឆ្នាំ បានបន្សល់ទុកនូវកេរដំណែលនៃចំណេះដឹង និងប្រាជ្ញដ៏សម្បូរបែប។ អ្វីដែលអស្ចារ្យនោះគឺថា “អាថ៌កំបាំង” បុរាណជាច្រើនមិនបានសាបសូន្យទៅតាមពេលវេលានោះទេ តែវាត្រូវបានគេបន្តអនុវត្ត និងកែសម្រួល ដើម្បីសម្របខ្លួនទៅនឹងជីវិតសម័យទំនើប ទាំងនៅក្នុងប្រទេសចិន និងជុំវិញពិភពលោក។ តោះ! យើងមកស្វែងយល់ពីគន្លឹះអាថ៌កំបាំងទាំងនោះ ដែលនៅតែមានឥទ្ធិពលដល់ជីវិតរស់នៅរបស់យើងសព្វថ្ងៃ។

១. ឱសថបុរាណចិន ( [Zhōngyī])

ឱសថបុរាណចិនមិនមែនគ្រាន់តែជាការព្យាបាលជំងឺនោះទេ តែវាជាប្រព័ន្ធថែទាំសុខភាពបែប Holistic ដែលផ្តោតលើតុល្យភាពនៃរាងកាយ។ គោលគំនិតសំខន់បំផុតគឺការធ្វើឱ្យមានតុល្យភាពនៃ «ឈី» (气 [qì]) ដែលជាថាមពលជីវិត និង «យិន-យ៉ាង» (阴阳 [yīnyáng]) ដែលជាតំណាងនៃថាមពលពីរដែលមានឥទ្ធពលលើគ្នាទៅវិញទៅមក (ដូចជា ក្តៅ-ត្រជាក់, សកម្ម-អសកម្ម ជាដើម)។ នៅពេលដែលថាមពលទាំងនេះមានតុល្យភាព រាងកាយនឹងមានសុខភាពល្អ។

  • ការអនុវត្តសព្វថ្ងៃ៖
    • ការចាក់ម្ជុលវិទ្យាសាស្ត្រ (针灸 [zhēnjiǔ])៖ បច្ចុប្បន្ន វិធីសាស្ត្រនេះត្រូវបានទទួលស្គាល់ទូទាំងពិភពលោក សម្រាប់បំបាត់ការឈឺចាប់ កាត់បន្ថយភាពតានតឹង និងព្យាបាលជំងឺផ្សេងៗទៀត។
    • ថ្នាំរុក្ខជាតិ ( [cǎoyào])៖ មនុស្សជាច្រើននៅតែប្រើប្រាស់ឱសថពីរុក្ខជាតិដូចជា យិនស៊ិន (人参 [rénshēn]) ដើម្បីបង្កើនថាមពលឬ វ៉ូលបឺរី (枸杞 [gǒuqǐ]) ដើម្បីចិញ្ចឹមភ្នែក។
    • ការជប់ខ្យល់ (拔罐 [báguàn])៖ ការព្យាបាលដោយការជប់ខ្យល់ ដោយប្រើកែវ ឬពែង គឺពេញនិយមជាពិសេសក្នុងចំណោមអត្តពលិកល្បីៗ ពីព្រោះថាវាអាចបំបាត់ភាពតានតឹងសាច់ដុំ និងជំរុញចរាចរឈាមបានល្អ។
    • ការម៉ាស្សាធូយណា (推拿 [tuīná]): ជាបច្ចេកទេសម៉ាស្សាដែលផ្តោតលើចំណុចជីពចរ ដោយប្រើម្រាបដៃ ឬបាតដៃចុចសង្កត់នៅតាមបណ្តោយបន្ទាត់ថាមពលនៅក្នុងរាងកាយ។

២. ហុងស៊ុយ (风水 [Fēngshuǐ])

ហុងស៊ុយ ដែលមានន័យត្រង់ថា «ខ្យល់ និងទឹក» គឺជាសិល្បៈបុរាណនៃការរៀបចំទីធ្លា ដើម្បីបង្កើតភាពសុខដុមរមនាជាមួយនឹងបរិស្ថានធម្មជាតិ។

  • គំនិតស្នូល៖ ការរៀបចំផ្ទះសម្បែង ឬការិយាល័យរបស់អ្នកមានឥទ្ធិពលលើលំហូរនៃថាមពល «ឈី» (气 [qì]) ដែលប៉ះពាល់ដល់សុខភាព ទ្រព្យសម្បត្តិ និងសុភមង្គលរបស់អ្នក។
  • ការអនុវត្តសព្វថ្ងៃ៖ ស្ថាបត្យករ និងអ្នករចនាផ្ទៃខាងក្នុងផ្ទះជាច្រើនបានយកគោលការណ៍របស់ហុងស៊ុយមកដាក់បញ្ចូល ដើម្បីបង្កើនសោភ័ណ្ឌភាព និងលាភសំណាង។ ឧទាហរណ៍ជាក់ស្តែងរួមមាន៖ ការដាក់តុធ្វើការសម្រាប់អ្នកគ្រប់គ្រង គឺមិនត្រូវបែរមុខចូលជញ្ជាំង, ការរក្សាច្រកចូលផ្ទះឱ្យបានស្អាត និងទូលាយ រួមជាមួយនឹងការប្រើប្រាស់ផែនទីហុងស៊ុយ ប៉ាគ័រ (八卦 [bāguà]) ក្នុងការបែងចែកកន្លែងឱ្យបានត្រឹមត្រូវជាដើម។

៣. ក្បាច់គុន ( [Wǔshù])

ក្បាច់គុនចិនមិនមែនគ្រាន់តែជាសិល្បៈដើម្បីការពារខ្លួននោះទេ តែវាក៏ជាការហ្វឹកហាត់ទាំងកាយ និងចិត្តផងដែរ។

  • គំនិតស្នូល៖ គោលដៅគឺដើម្បីសម្រេចបាននូវតុល្យភាពរវាងកម្លាំងខាងក្រៅ និងសន្តិភាពក្នុងចិត្ត។
  • ការអនុវត្តសព្វថ្ងៃ៖
    • ថៃជី ( [Tàijí])៖ ត្រូវបានគេស្គាល់ថាជា «សមាធិក្នុងចលនា»។ ថៃជីមានប្រជាប្រិយភាពណាស់ ហើយវាមានប្រសិទ្ធភាពខ្ពស់សម្រាប់មនុស្សចាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវតុល្យភាព ភាពបត់បែន និងសន្តិភាពផ្លូវចិត្តរបស់ពួកគេ។
    • កុងហ្វូ (功夫 [Gōngfū])៖ ពាក្យ «កុងហ្វូ» តាមពិតមានន័យថា «ជំនាញដែលបានមកពីការខិតខំប្រឹងប្រែង»។ វាត្រូវបានគេស្គាល់ទូទាំងពិភពលោកតាមរយៈតារាសម្តែងភាពយន្តដ៏ល្បីគឺ លី សាវឡុង និង ឈិន ឡុង ដែលបានរំលេច្យឃើញពីថាមពល និងភាពស្រស់ស្អាតនៃក្បាច់គុនចិន។

៤. ទស្សនវិជ្ជា និងយុទ្ធសាស្ត្រ (学与策略 [Zhéxué yǔ cèlüè])

  • សិល្បៈនៃសង្គ្រាមរបស់ស៊ុនអ៊ូ (孙子兵法 [Sūnzǐ bīngfǎ])៖ សៀវភៅយុទ្ធសាស្ត្រសង្គ្រាមបុរាណនេះ លែងស្ថិតនៅតែក្នុងសមរភូមិទៀតហើយ។ វាត្រូវបានគេយកមកអនុវត្តយ៉ាងទូលំទូលាយនៅក្នុងយុទ្ធសាស្ត្រអាជីវកម្ម ការចរចា ការបង្វឹកកីឡា និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ គោលការណ៍ដែលសំខាន់បំផុតនោះគឺ “ស្គាល់ខ្លួនឯង ស្គាល់សត្រូវរបស់អ្នក ប្រយុទ្ធមួយរយដង និងឈ្នះមួយរយដង”។

សេចក្តីសន្និដ្ឋាន

គន្លឹះអាថ៌កំបាំងពីបុរាណទាំងនេះនៅតែមានតម្លៃដល់សព្វថ្ងៃ ព្រោះវាផ្តល់នូវគោលគំនិតដ៏ជ្រាលជ្រៅអំពីការរស់នៅប្រកបដោយតុល្យភាព សុខភាពល្អ និងភាពសុខដុមជាមួយបរិស្ថានជុំវិញខ្លួន។ វាបានបង្ហាញពីគំនិត ឬយុទ្ធសាស្ត្រក្នុងអតីតកាល ដែលនៅតែមានជីវិតយ៉ាងរស់រវើក នៅក្នុងសង្គមបច្ចុប្បន្នរបស់យើង។

តើគន្លឹះបុរាណចិនមួយណាដែលអ្នកចាប់អារម្មណ៍ជាងគេ? តើអ្នកធ្លាប់សាកល្បងអនុវត្តគន្លឹះមួយណាក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដែរឬទេ? 

សិក្សាពាក្យ៖

  1. 中华文明 (Zhōnghuá wénmíng) – អរិយធម៌ចិន
  2. 中医 (Zhōngyī) – ឱសថបុរាណចិន
  3. 气 (qì) – ឈី (ថាមពលជីវិត)
  4. 阴阳 (yīnyáng) – យិន-យ៉ាង (តុល្យភាពនៃថាមពលពីរ គឺញី និងឈ្មោល)
  5. 针灸 (zhēnjiǔ) – ការចាក់ម្ជុលវិទ្យាសាស្ត្រ
  6. 草药 (cǎoyào) – ថ្នាំរុក្ខជាតិ
  7. 人参 (rénshēn) – យិនស៊ិន
  8. 枸杞 (gǒuqǐ) – វ៉ូលបឺរី
  9. 拔罐 (báguàn) – ការជប់ខ្យល់ដោយពែង
  10. 推拿 (tuīná) – ការម៉ាស្សាតាមចំណុចជីពចររាងកាយ
  11. 风水 (Fēngshuǐ) – ហុងស៊ុយ
  12. 八卦 (bāguà) – ផែនទីហុងស៊ុយប៉ាគ័រ
  13. 武术 (Wǔshù) – ក្បាច់គុន
  14. 太极 (Tàijí) – ថៃជី
  15. 功夫 (Gōngfū) – កុងហ្វូ (ជំនាញដែលចេញពីការខិតខំ)
  16. 孙子兵法 (Sūnzǐ bīngfǎ) – សិល្បៈសង្គ្រាមរបស់ស៊ុនអ៊ូ

    ដោយក្តីស្រលាញ់ រាប់អាន
    លោកគ្រូនី វាសនា

Previous

ន័យបង្កប់នៃនិមិត្តសញ្ញា និងលេខចិន

Next

របៀបរបបចិនសំខាន់ៗ ត្រូវចងចាំ

Scroll to top
error: ©រក្សាសិទ្ធិគ្រប់យ៉ាង