របៀបកែតម្រូវអ្នកដទៃដោយភាពអត់ធ្មត់ និងក្តីស្រឡាញ់
ការកែតម្រូវអ្នកដទៃគឺជាសិល្បៈមួយដែលត្រូវការភាពឈ្លាសវៃ និងក្តីអាណិតអាសូរ។ ជាញឹកញាប់ ពេលដែលយើងឃើញអ្នកណាម្នាក់ធ្វើអ្វីមួយខុស យើងមានប្រតិកម្មភ្លាមៗដោយការរិះគន់ឬស្តីបន្ទោស ដែលជាធម្មតានាំឱ្យកើតមានអារម្មណ៍អវិជ្ជមាន និងធ្វើឱ្យទំនាក់ទំនងប្រេះស្រាំ។ ចុះតើមានវិធីប្រសើរជាងនេះ ដើម្បីកែតម្រូវអ្នកដទៃដោយរក្សាភាពថ្លៃថ្នូរដែរឬទេ? ខាងក្រោមនេះ ខ្ញុំនឹងធ្វើការចែករំលែកអំពីរបៀបកែតម្រូវអ្នកដទៃដោយភាពអត់ធ្មត់ និងក្តីស្រឡាញ់ ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រសើរឡើង។
ជៀសវាងការធ្វើតាមអារម្មណ៍ខ្លាំងពេក
ពេលដែលយើងឃើញអ្វីមួយខុសឆ្គង ជាធម្មតាយើងមានអារម្មណ៍ក្រោធ ឬខកចិត្ត។ ប៉ុន្តែការកែតម្រូវនរណាម្នាក់ពេលដែលយើងកំពុងមានអារម្មណ៍ក្រោធខ្លាំង អាចនាំឱ្យមានលទ្ធផលអវិជ្ជមាន។ ពីព្រោះថាវាអាចបណ្តាលឲ្យយើងអាចនិយាយពាក្យមិនសមរម្យចេញមកបាន ឬប្រើសម្តីដែលបង្កឱ្យមានការឈឺចាប់ដល់អ្នកដទៃទៀតផង។
ឧទាហរណ៍៖ ប្រសិនបើកូនរបស់អ្នកធ្វើឱ្យប្រឡាក់កម្រាលព្រំនៅក្នុងផ្ទះ អ្នកអាចមានអារម្មណ៍ក្រោធភ្លាមៗ ហើយស្រែកថា “ហេតុអ្វីបានជាកូនមិនចេះប្រយ័ត្នសោះ បែបនេះ? ប្រាប់ច្រើនលើក ច្រើនសារហើយ ម្តេចនៅតែដដែលៗអ៊ីចឹង!” ការប្រតិកម្មបែបនេះអាចធ្វើឱ្យកូនមានអារម្មណ៍ថារងភាពអាម៉ាស់ និងបាត់បង់ទំនុកចិត្តលើខ្លួនគេទៅថ្ងៃក្រោយ។
ជំនួសឱ្យការប្រតិកម្មភ្លាមៗ យើងគួរដកដង្ហើមវែងៗ ចំណាយពេលពីរបីនាទីដើម្បីសម្ងំចិត្ត ឲ្យរាងស្រាកស្រាន្តបន្តិច រួចចូលទៅរកកូនដោយចិត្តស្ងប់ និងនិយាយពន្យល់គេដោយសន្តិភាព។ ការធ្វើបែបនេះនឹងជួយឱ្យការសន្ទនារបស់អ្នកទាំងពីរ កាន់តែមានប្រសិទ្ធភាព និងមិនបំផ្លាញទំនាក់ទំនងរវាងអ្នក និងកូនផងដែរ។
ប្រើការសង្កេត មិនមែនការវិនិច្ឆ័យ
ពេលកែតម្រូវអ្នកដទៃ យើងគួរប្រើការពិពណ៌នាពីអ្វីដែលយើងបានឃើញ ឬឮ ជំនួសឱ្យការវិនិច្ឆ័យលើអត្តចរិតរបស់ពួកគេ។ ការចេះប្រើប្រាស់ពាក្យសម្តីដូចជា “ខ្ញុំបានសង្កេតឃើញថា…” ឬ “ខ្ញុំបានកត់សម្គាល់ឃើញថា…” អាចជួយឱ្យការសន្ទនាកាន់តែមានភាពវិជ្ជមាន។
ជាឧទាហរណ៍ ប្រសិនបើសហការីម្នាក់លួចគំនិតរបស់អ្នកថាជាគំនិតរបស់គេ នៅក្នុងកិច្ចប្រជុំមួយ ជំនួសឱ្យការនិយាយថា “អ្នកលួចគំនិតរបស់ខ្ញុំ” អ្នកអាចនិយាយថា “ខ្ញុំបានកត់សម្គាល់ឃើញថាគំនិតដែលអ្នកបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលយើងបានពិភាក្សាគ្នា កាលពីសប្តាហ៍មុន។”
កែតម្រូវជាលក្ខណៈឯកជន
ការកែតម្រូវនរណាម្នាក់នៅចំពោះមុខអ្នកដទៃ អាចនាំឱ្យពួកគេមានអារម្មណ៍អាម៉ាស់ ឬមិនឲ្យតម្លៃអ្នកឡើយ។ ជាធម្មតា យើងគួរកែតម្រូវជាឯកជនវិញ តាមដែលអ្នកអាចធ្វើទៅបាន។
ឧទាហរណ៍ ប្រសិនបើអ្នកជាគ្រូបង្រៀន ហើយសិស្សម្នាក់ឆ្លើយសំណួរមិនត្រឹមត្រូវ ជំនួសឱ្យការកែតម្រូវភ្លាមៗនៅចំពោះមុខមិត្តរួមថ្នាក់ អ្នកអាចនិយាយថា “សូមអរគុណសម្រាប់ការចូលរួមចំណែករបស់អ្នក។ តើយើងអាចមានចម្លើយផ្សេងទៀត ដែរឬទេ?
រួចនិយាយជាមួយសិស្សនោះដោយឡែកនៅពេលក្រោយ ដើម្បីពន្យល់ពីចម្លើយត្រឹមត្រូវ។
ការប្រើបច្ចេកទេសសាំងវិច
ការកែតម្រូវតាមបច្ចេកទេសសាំងវិច មានន័យថាយើងចាប់ផ្តើមដោយការលើកទឹកចិត្ត បន្ទាប់មកផ្តល់មតិកែលម្អ ហើយបញ្ចប់ដោយការលើកទឹកចិត្តម្តងទៀត។ វិធីនេះជួយឱ្យអ្នកដែលទទួលការកែតម្រូវមានអារម្មណ៍ល្អ និងបើកចិត្តទទួលយកការកែលម្អ។
ឧទាហរណ៍ ប្រសិនបើអ្នកជាប្រធានក្រុម ហើយចង់កែតម្រូវបុគ្គលិកម្នាក់ដែលធ្វើបទបង្ហាញមិនសូវល្អ អ្នកអាចនិយាយថា៖ “ខ្ញុំពិតជាចូលចិត្តរបៀបដែលអ្នកបានរៀបចំស្លាយ និងរចនាសម្ព័ន្ធនៃបទបង្ហាញរបស់អ្នកខ្លាំងណាស់។ វាមានភាពច្បាស់លាស់ណាស់។ ខ្ញុំគិតថាបទបង្ហាញនឹងកាន់តែល្អប្រសើរថែមទៀត ប្រសិនបើអ្នកអាចបន្ថែមឧទាហរណ៍ជាក់ស្តែងខ្លះៗដើម្បីគាំទ្រចំណុចសំខាន់ៗមួយចំនួន។ ជារួម ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នក និងរបៀបដែលអ្នកបានឆ្លើយសំណួរបានយ៉ាងល្អ។”
ទទួលស្គាល់ឥរិយាបថដែលបានកែតម្រូវ
ពេលដែលអ្នកដទៃធ្វើការកែប្រែតាមការណែនាំរបស់អ្នក ការទទួលស្គាល់ការប្រឹងប្រែងរបស់ពួកគេក្នុងការកែប្រែតាមអ្នក គឺជារឿងសំខាន់ណាស់។ ការធ្វើបែបនេះនឹងលើកទឹកចិត្តឱ្យពួកគេបន្តធ្វើ ឱ្យបានកាន់តែប្រសើរឡើង។
ឧទាហរណ៍ ប្រសិនបើអ្នកបានស្នើឱ្យមិត្តរួមការងារណាម្នាក់ បង្កើនការចូលរួមនៅក្នុងកិច្ចប្រជុំ ហើយពួកគេចាប់ផ្តើមចែករំលែកគំនិតច្រើនជាងមុន អ្នកគួរនិយាយថា “ខ្ញុំពិតជាចូលចិត្តគំនិតដែលអ្នកបានចែករំលែកនៅក្នុងកិច្ចប្រជុំថ្ងៃនេះណាស់។ វាពិតជាមានប្រយោជន៍ណាស់ ហើយជួយឱ្យយើងមើលឃើញបញ្ហាពីគ្រប់ជ្រុងជ្រោយទៀតផង។”
សរុបជារួមមក ការកែតម្រូវអ្នកដទៃដោយភាពអត់ធ្មត់ និងក្តីស្រឡាញ់ គឺជាជំនាញដ៏មានតម្លៃដែលអាចជួយពង្រឹងទំនាក់ទំនង និងលើកកម្ពស់ការរីកចម្រើនរបស់អ្នកដទៃ។ តាមរយៈការកាត់បន្ថយការធ្វើតាមអារម្មណ៍ ការប្រើការសង្កេតជំនួសឱ្យការវិនិច្ឆ័យ ការកែតម្រូវជាឯកជន ការប្រើបច្ចេកទេសសាំងវិច និងការទទួលស្គាល់ឥរិយាបថដែលបានកែតម្រូវ គឺយើងអាចជួយអ្នកដទៃឱ្យរីកចម្រើន ដោយមិនធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អឡើយ។
ការអនុវត្តតាមគោលការណ៍ទាំងនេះមិនត្រឹមតែជួយឱ្យអ្នកដទៃកែលម្អខ្លួនគេបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកក្លាយជាអ្នកដឹកនាំ មិត្ត ឬសមាជិកគ្រួសារដែលគួរឱ្យគោរព និងស្រឡាញ់ផងដែរ។ ការកែតម្រូវក្នុងន័យស្ថាបនាគឺជាអំណោយដ៏មានតម្លៃ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រឡាញ់របស់យើងចំពោះអ្នកដទៃ។
ដោយក្តីស្រាលាញ់ រាប់អាន
លោកគ្រូនី វាសនា
We use cookies to improve your experience on our site. By using our site, you consent to cookies.
Manage your cookie preferences below:
Essential cookies enable basic functions and are necessary for the proper function of the website.
These cookies are needed for adding comments on this website.
These cookies are used for managing login functionality on this website.
Statistics cookies collect information anonymously. This information helps us understand how visitors use our website.
Google Analytics is a powerful tool that tracks and analyzes website traffic for informed marketing decisions.
Service URL: policies.google.com (opens in a new window)