ក្នុងពិភពលោកដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ការអភិវឌ្ឍគំនិតដែលផ្តោតលើការរីកចម្រើន (Growth Mindset) គឺជាកត្តាគន្លឹះដែលកំណត់ភាពជោគជ័យរបស់មនុស្សម្នាក់ៗ។ Growth Mindset គឺជាជំនឿដែលថា សមត្ថភាព និងភាពឆ្លាតវៃរបស់មនុស្សអាចត្រូវបានអភិវឌ្ឍតាមរយៈការខិតខំប្រឹងប្រែង ការអនុវត្ត និងការរៀនសូត្រជាប្រចាំ។ ខាងក្រោមនេះ គឺជាចំណុចទាំង១០ ដែលយើងតែងតែសង្កេតឃើញមនុស្សដែលមានផ្នត់គំនិតរិកចម្រើនមាន៖
១. ការទទួលយកបរាជ័យជាមេរៀន
ជំហានដំបូងក្នុងការអភិវឌ្ឍ Growth Mindset គឺការផ្លាស់ប្តូរទស្សនៈចំពោះបរាជ័យ។ ជំនួសឱ្យការមើលឃើញបរាជ័យថាជាការបញ្ចប់ យើងគួរចាត់ទុកវាជាឱកាសដើម្បីរៀនសូត្រនិងរីកចម្រើន។ ឧទាហរណ៍ជាក់ស្តែងដូចជាលោក J.K. Rowling អ្នកនិពន្ធស៊េរីរឿង Harry Potter ដែលសំណៅរបស់គាត់ត្រូវបដិសេធដល់ទៅ ១២ដង មុនពេលទទួលបាននូវជោគជ័យ។ គាត់បានប្រើបរាជ័យទាំងនេះជាមេរៀនដើម្បីកែលម្អស្នាដៃរបស់គាត់។
២. ការប្រកាន់យកវិធីសាស្ត្រ “មិនទាន់” ជំនួសឱ្យ “មិនអាច”
ជាជាងនិយាយថា “ខ្ញុំមិនអាចធ្វើវាបានទេ” យើងគួរនិយាយថា “ខ្ញុំមិនទាន់អាចធ្វើវាបានទេ នៅពេលនេះ”។ ការប្រើពាក្យ “មិនទាន់” បង្ហាញពីសក្តានុពលនៃការរីកចម្រើន និងការអភិវឌ្ឍ។ ឧទាហរណ៍ សិស្សម្នាក់អាចនិយាយថា “ខ្ញុំមិនទាន់យល់ច្បាស់ពីគណិតវិទ្យាទេ ប៉ុន្តែខ្ញុំកំពុងតែខិតខំរៀន” ជំនួសឱ្យការនិយាយថា “ខ្ញុំមិនពូកែគណិតវិទ្យានោះទេ”។
៣. ការផ្តោតលើដំណើរការ មិនមែនផ្តោតត្រឹមតែលទ្ធផល
Growth Mindset ឱ្យតម្លៃទៅលើដំណើរការនៃការរៀនសូត្រ និងការអភិវឌ្ឍ មិនមែនផ្តោតត្រឹមតែលទ្ធផលចុងក្រោយនោះទេ។ ឧទាហរណ៍ អត្តពលិកអូឡាំពិកម្នាក់មិនគ្រាន់តែផ្តោតលើមេដាយមាសប៉ុណ្ណោះទេ ប៉ុន្តែគាត់បានផ្តោតលើការកែលម្អសមត្ថភាពរបស់ខ្លួនជារៀងរាល់ថ្ងៃ។
៤. ការស្វែងរកបញ្ហាប្រឈម
មនុស្សដែលមាន Growth Mindset មើលឃើញបញ្ហាប្រឈមថាជាឱកាសដើម្បីរីកចម្រើន។ ពួកគេស្វែងរកស្ថានភាពដែលពិបាកៗ ដោយដឹងថាវានឹងជួយពួកគេឱ្យរីកចម្រើន។ ឧទាហរណ៍ អ្នកជំនួញជោគជ័យច្រើនតែស្វែងរកទីផ្សារថ្មីៗ ឬបង្កើតផលិតផលថ្មីៗ ទោះបីជាមានហានិភ័យក៏ដោយ។
៥. ការទទួលយកមតិរិះគន់ ដោយវិជ្ជមាន
មនុស្សដែលមាន Growth Mindset មើលឃើញមតិរិះគន់ថាជាឱកាសដើម្បីរៀនសូត្រនិង កែលម្អខ្លួន។ ឧទាហរណ៍ អ្នកសរសេរកម្មវិធីកុំព្យូទ័រម្នាក់អាចប្រើមតិកែលម្អពីអ្នកប្រើប្រាស់ដើម្បីធ្វើឱ្យកម្មវិធីរបស់គាត់កាន់តែប្រសើរឡើង។
៦. ការរៀនពីជោគជ័យរបស់អ្នកដទៃ
ជំនួសឱ្យការឈ្នានីសនឹងជោគជ័យរបស់អ្នកដទៃ អ្នកដែលមាន Growth Mindset មើលឃើញជោគជ័យទាំងនោះថាជាការបំផុសគំនិត និងមេរៀនដែលពួកគេអាចរៀនសូត្របាន។ ឧទាហរណ៍ អ្នកចាប់ផ្តើមអាជីវកម្មថ្មីអាចសិក្សាពីយុទ្ធសាស្ត្រដែលក្រុមហ៊ុនជោគជ័យផ្សេងៗបានប្រើប្រាស់។
៧. ការប្តេជ្ញាចិត្តក្នុងការរៀនសូត្រពេញមួយជីវិត
Growth Mindset ទទួលស្គាល់ថា ការរៀនសូត្រគឺជាដំណើរការមួយដែលមិនចេះចប់។ ឧទាហរណ៍ អ្នកវិទ្យាសាស្ត្រល្បីៗជាច្រើនបន្តធ្វើការស្រាវជ្រាវ និងរៀនសូត្រអស់មួយជីវិត បើទោះបីជាពួកគេទទួលបាននូវជោគជ័យយ៉ាងច្រើនរួចមកហើយក៏ដោយ។
៨. ការអនុវត្តការគិតវិជ្ជមាន
ការគិតវិជ្ជមានជួយពង្រឹង Growth Mindset។ ជំនួសឱ្យការគិតថា “រៀងនេះពិបាកណាស់” យើងគួរគិតថា “នេះជាឱកាសដើម្បីរៀនអ្វីថ្មី”។ ឧទាហរណ៍ អ្នកចង់រៀនភាសាថ្មីម្នាក់អាចមើលឃើញការលំបាកក្នុងការរៀនភាសាថ្មីមួយ ថាជាផ្នែកមួយដ៏គួរឱ្យរីករាយ និងចាប់អារម្មណ៍។
៩. ការកំណត់គោលដៅ និងផែនការសកម្មភាព
Growth Mindset ចូលចិត្តការអនុវត្តជាក់ស្តែង។ ការកំណត់គោលដៅច្បាស់លាស់ និងផែនការសកម្មភាពជាក់លាក់ ពីព្រោះថាវាអាចជួយឱ្យយើងរីកចម្រើនបាន ជាជាងមានតែទ្រឹស្តី។ ឧទាហរណ៍ អ្នកចង់កែលម្អជំនាញនិយាយជាសាធារណៈរបស់អ្នក ដូច្នេះអ្នកអាចកំណត់គោលដៅធ្វើបទបង្ហាញម្តង ក្នុងមួយខែ។ ពេលនោះ អ្នកនឹងកាន់តែស្ទាត់ជំនាញ និងអាចយល់ដឹងបានច្រើននូវចំណុចខ្វះខាត ដែលអ្នកគួរតែកែប្រែ និងដុសខាត់ឲ្យបានប្រសើរជាងមុន។
១០. ការវាយតម្លៃ និងការចេះកែលម្អជាប្រចាំ
ហ៊ានធ្វើការវាយតម្លៃដោយស្មោះត្រង់លើខ្លួនឯងជាទៀងទាត់ ជួយឱ្យយើងស្គាល់ពីចំណុចដែលត្រូវកែលម្អ។ ឧទាហរណ៍ អ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ អាចធ្វើការវាយតម្លៃប្រចាំត្រីមាសលើការអនុវត្តការងាររបស់ខ្លួន និងកំណត់ផ្នែកដែលត្រូវកែលម្អជាប្រចាំ។
សរុបមក ការអភិវឌ្ឍ Growth Mindset គឺជាដំណើរការមួយដែលត្រូវការពេលវេលា ការប្តេជ្ញាចិត្ត និងការអនុវត្តជាប្រចាំ។ វាមិនមែនគ្រាន់តែជាការផ្លាស់ប្តូរផ្នត់គំនិតតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរទាំងស្រុងនូវរបៀបដែលយើងមើលឃើញខ្លួនឯង បញ្ហាប្រឈម និងសក្តានុពលនៅក្នុងខ្លួនរបស់យើង។ តាមរយៈការអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាមនុស្សដែលមានផ្នត់គំនិត Growth Mindset យើងអាចបំបែកដែនកំណត់ដែលយើងបានកំណត់ឱ្យខ្លួនឯង និងអាចស្វែងរកនូវសក្តានុពលពិតប្រាកដរបស់យើងបាន៕
ដោយក្តីស្រលាញ់ រាប់អាន
លោកគ្រូនី វាសនា