លោក អាប្រាហាម លីនខុន ត្រូវបានគេចាត់ទុកថាជាប្រធានាធិបតីដ៏អស្ចារ្យបំផុតម្នាក់នៃសហរដ្ឋអាមេរិក។ ប៉ុន្តែជីវិតវ័យក្មេងរបស់គាត់មិនបានបង្ហាញពីភាពអស្ចារ្យនេះទេ។ គាត់បានបរាជ័យក្នុងអាជីវកម្ម។ គាត់បានចាញ់នៅក្នុងការបោះឆ្នោតជាច្រើនលើកដូចជា៖ ការបោះឆ្នោតទៅអង្គនីតិបញ្ញត្តិរដ្ឋ, ប្រធានសភា, ការចូលជាបេក្ខជនសភា, ការតែងតាំងជាមន្ត្រីដីធ្លី, ព្រឹទ្ធសភាសហរដ្ឋអាមេរិកពីរដង និងការចូលជាបេក្ខជនឧបនាយករដ្ឋមន្ត្រី។ បន្ទាប់ពីបរាជ័យសំខាន់ៗទាំង៨លើក លីនខុនត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ តើមានមនុស្សប៉ុន្មាននាក់ដែលនឹងបន្តដំណើរទៅមុខទៀត ដូចជាលោកប្រធានាធិបតីលីនខុននោះ?
បញ្ហាជាច្រើនដែលយើងគិតថាធំនាពេលបច្ចុប្បន្ន គឺមិនអាចប្រៀបធៀបបានទៅនឹងអ្វីដែលបានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៨៥០ និងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨៦០ទេ។ លីនខុនបានប្រឈមទៅនឹងរដ្ឋភាគខាងត្បូងចំនួន១១ ដែលបានបែកចេញពីសហព័ន្ធ។ រដ្ឋទាំង១១បានបង្កើតសហរដ្ឋអាមេរិកខាងត្បូង ក្នុងអំឡុងពេលដែលគាត់ធ្វើជាប្រធានាធិបតី។
ជនជាតិអាមេរិកអាចគិតថាមានការបែកបាក់នៅក្នុងប្រទេសរបស់ពួកគេសព្វថ្ងៃនេះ។ ប៉ុន្តែតាមពិតទៅ មានការបែកបាក់យ៉ាងធំនៅក្នុងអំឡុងពេលសម័យសង្គ្រាមស៊ីវិល។ ជនជាតិអាមេរិកបានស្លាប់អស់ជាច្រើន ជាលទ្ធផលនៃសង្គ្រាម៖ រាប់ទាំងខាងជើង និងខាងត្បូង។
មានបញ្ហាប្រឈមសំខាន់ៗជាច្រើនដែលលោកលីនខុនបានជួបប្រទះ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក៖
១. លីនខុនគឺជាប្រធានាធិបតីក្នុងអំឡុងសង្គ្រាមស៊ីវិលអាមេរិក ដែលមានរយៈពេលបួនឆ្នាំ
ប្រហែលប្រាំសប្តាហ៍បន្ទាប់ពីលីនខុនបានចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី១៦ សង្គ្រាមស៊ីវិលបានចាប់ផ្តើម។ លីនខុនគឺជាប្រធានាធិបតី នៅពេលដែលប្រទេសកំពុងតែរលាយបាត់នៅចំពោះមុខគាត់។
សូម្បីតែការបែកបាក់នៅក្នុងគ្រួសារ ក៏អាចកើតមានឡើងដែរ។ ជាអកុសល សមាជិកគ្រួសារខ្លះអាចចំណាយពេលជាច្រើនឆ្នាំដោយមិននិយាយគ្នា។ តើបញ្ហាក្នុងគ្រួសារពិតជាអាក្រក់ខ្លាំងប៉ុណ្ណា បើប្រៀបធៀបទៅនឹងភាពចលាចលក្នុងអំឡុងសង្គ្រាមស៊ីវិល? គ្រួសារខ្លះត្រូវបានបែកបាក់ខ្លាំងដោយសង្គ្រាម ដែលកូនប្រុសម្នាក់អាចប្រយុទ្ធសម្រាប់ភាគខាងជើង ខណៈពេលដែលកូនប្រុសម្នាក់ទៀតនៃគ្រួសារដូចគ្នា កំពុងតែប្រយុទ្ធសម្រាប់ភាគខាងត្បូង។
២. ការស្លាប់របស់ជនជាតិអាមេរិកច្រើនបំផុតបានកើតឡើងក្នុងអំឡុងនៃការគ្រប់គ្រងរបស់លោកលីនខុន
មានជនជាតិអាមេរិកាំងប្រមាណពី ៦០០,០០០ ទៅ ៧០០,០០០ នាក់បានស្លាប់ក្នុងសង្គ្រាមស៊ីវិល។ ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមស៊ីវិលអាមេរិកលើសចំនួនអ្នកស្លាប់ក្នុងសង្គ្រាមទាំងអស់របស់សហរដ្ឋអាមេរិកដែលធ្លាប់មាន រាប់រហូតមកដល់បច្ចុប្បន្ន។
តើមាននរណាម្នាក់គិតថាខ្លួនមានទំនួលខុសត្រូវធំធេងបែបនេះទេ? លីនខុនបានប្រឈមទៅនឹងទំនួលខុសត្រូវដ៏ធំក្នុងការមើលឃើញពលរដ្ឋអាមេរិកជាច្រើនស្លាប់ក្នុងអំឡុងពេលគាត់ធ្វើជាប្រធានាធិបតី។ ជនជាតិអាមេរិកកាំងស្លាប់ច្រើនក្នុងសង្គ្រាមក្នុងអំឡុងពេលគាត់ធ្វើជាប្រធានាធិបតី ជាងប្រធានាធិបតីអាមេរិកាំងទាំងអស់បូកបញ្ចូលគ្នា។
៣. លីនខុនបានរងទុក្ខពីជំងឺធ្លាក់ទឹកចិត្ត
លីនខុន ដែលរស់នៅក្នុងសតវត្សរ៍ទី១៩ មិនមានលទ្ធភាពទទួលបានថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តទេ ដូចជាថ្នាំ Prozac ដែលត្រូវតាមវេជ្ជបញ្ជា ឬក៏ទិញថ្នាំដូចជា St. John’s Wort ពីឱសថស្ថានដោយខ្លួនឯងបានទេ។
លីនខុនមិនដែលមានលទ្ធភាពទទួលបានការព្យាបាលបែបទំនើបៗឡើយ។ ការងាររបស់លីនខុនគឺត្រូវដោះស្រាយជាមួយប្រទេសដែលត្រូវបានបែកបាក់ដោយសង្គ្រាម។ មានពេលខ្លះ បញ្ហារបស់អ្នកអាចមើលទៅដូចជាធំ ដូចការតស៊ូរបស់លីនខុន ពីព្រោះអ្នកជាអ្នកដែលកំពុងតែជួបប្រទះបញ្ហាជាក់លាក់នោះ។ យើងទាំងអស់គ្នាមានបញ្ហាទូទៅ និងពិសេសៗរៀងៗខ្លួន។ ភាគច្រើននៃយើងទាំងអស់គ្នាជាពលរដ្ឋធម្មតា ប៉ុន្តែអាចទទួលបាននូវការព្យាបាលបានល្អជាងការព្យាបាលដែលលោកលីនខុនធ្លាប់ទទួលបាន ក្នុងនាមជាប្រធានាធិបតី ក្នុងសម័យនោះ។ គិតសព្វៗទៅ សំណាងដែរ ដែលយើងមានលទ្ធភាពទទួលបានការព្យាបាលជាមួយនឹងឱសថទំនើបនាពេលបច្ចុប្បន្ន។
៤. លីនខុនត្រូវបានគេធ្វើឃាត
ភាគខាងជើង ឬសហព័ន្ធ បានយកឈ្នះលើភាគខាងត្បូង ឬសមព័ន្ធ។ ភាគខាងត្បូងបានចុះចាញ់ភាគខាងជើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨៦៥។ លីនខុនត្រូវបានគេធ្វើឃាត ប្រាំថ្ងៃបន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ ហើយបានស្លាប់នៅព្រឹកបន្ទាប់ពីគាត់ត្រូវបានគេបាញ់សម្លាប់។
តើអ្នកគិតថាអ្នកមិនត្រូវបានគេដឹងគុណ ចំពោះការងារដែលអ្នកបានធ្វើទេឬ? លីនខុនបានរួបរួមប្រទេសរបស់គាត់ក្នុងនាមជាប្រធានាធិបតី, បានចេញប្រកាសរំដោះទាសករដើម្បីបញ្ចប់ទាសភាព, បានបំផុសគំនិតមនុស្សជាច្រើនខណៈពេលដែលគាត់រងទុក្ខពីជំងឺធ្លាក់ទឹកចិត្ត, គឺជាប្រធានាធិបតីដែលមានចិត្តល្អ និងទន់ភ្លន់បំផុត ដែលប្រទេសអាមេរិកធ្លាប់មាន ហើយតើគាត់ទទួលបានអ្វីជាការដឹងគុណ? ក្រៅតែពីគាត់ត្រូវបានគេសម្លាប់?
ជាច្រើនលើក លីនខុនគឺជាអ្នកដឹកនាំ។ គាត់បានរក្សាអាមេរិកឱ្យរួបរួមគ្នា រស់នៅជាមួយគ្នា ដូច្នេះប្រទេសមួយនេះ នៅតែអាចហៅខ្លួនពួកគេថាសហរដ្ឋអាមេរិក។ គាត់បានដឹកនាំដោយធ្វើជាគំរូដល់អ្នកដឹកនាំគ្រប់គ្នា។ ក្នុងសុន្ទរកថាសម្រាប់ការចូលកាន់តំណែងលើកទីពីររបស់គាត់ លីនខុនបាននិយាយថា គាត់មិនចង់ឃើញ ឬមានគំនុំជាមួយនរណាម្នាក់ឡើយ ហើយគាត់ចង់ព្យាបាលរបួសរបស់ប្រជាជាតិមួយនេះ។ ជាអកុសល លីនខុនមិនបានឃើញកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលរបស់គាត់ត្រូវបានគេអនុវត្តឡើយ។ ខ្ញុំគិតថា សហរដ្ឋអាមេរិកជំពាក់លីនខុននូវការដឹងគុណដ៏ធំធេងបំផុតមួយ។
ដូចលីនខុនដែរ យើងរាល់គ្នាបានជម្នះនូវបញ្ហា និងបានសម្រេចភាពអស្ចារ្យតាមរបៀបរៀងៗខ្លួន។ អ្នកប្រហែលជាមិនចាំឧបសគ្គខ្លះៗ ដែលអ្នកបានជម្នះឡើយ ដូចជាពេលអ្នករៀនដើរ ឬរៀននិយាយជាដើម។ មានបញ្ហាប្រឈមមួយចំនួន ដែលអ្នកប្រហែលជាចាំបានច្បាស់ ដូចជាការបញ្ចប់គម្រោង, ការឈ្នះក្នុងការប្រកួតអ្វីមួយ, ការបញ្ចប់ការសិក្សាពីសាលា ឬការបង្កើតអាជីព ឬអាជីវកម្មថ្មីមួយ ជាដើម។ល។ យើងម្នាក់ៗគឺមានសក្តានុពល និងភាពអស្ចារ្យដូចលោកប្រធានាធិបតី លីនខុនដែរ។ គ្រាន់តែវាអាស្រ័យនៅលើអ្នក ថាតើអ្នកពិតជាចង់ធ្វើការរុករកភាពអស្ចារ្យនៅក្នុងខ្លួនរបស់អ្នក ដែរឬទេ តែប៉ុណ្ណោះ!
ដោយក្តីស្រលាញ់ រាប់អាន
លោកគ្រូនី វាសនា
We use cookies to improve your experience on our site. By using our site, you consent to cookies.
Manage your cookie preferences below:
Essential cookies enable basic functions and are necessary for the proper function of the website.
These cookies are needed for adding comments on this website.
These cookies are used for managing login functionality on this website.
Statistics cookies collect information anonymously. This information helps us understand how visitors use our website.
Google Analytics is a powerful tool that tracks and analyzes website traffic for informed marketing decisions.
Service URL: policies.google.com (opens in a new window)