គ្រាន់តែសម្រេចចិត្តសោះ ពិបាកម្លេះ?

ហេតុអ្វីបានជាខ្ញុំមិនអាចសម្រេចចិត្តលើរឿងអ្វីមួយបានដោយខ្លួនឯង? 
នេះគឺជាសំណួរដែលមនុស្សជាច្រើនបានសួរខ្លួនឯង។ ការដែលមិនអាចសម្រេចចិត្តបានដោយខ្លួនឯងគឺជាបញ្ហាទូទៅមួយដែលប៉ះពាល់ដល់មនុស្សគ្រប់វ័យ និងគ្រប់ស្ថានភាព។ វាអាចធ្វើឱ្យយើងមានអារម្មណ៍ស្ទាក់ស្ទើរ អន្ទះសារ និងពិបាកក្នុងការឈានឆ្ពោះទៅមុខក្នុងជីវិត។

ការដែលមិនអាចសម្រេចចិត្តដោយខ្លួនឯងបាន គឺកើតឡើងដោយសារហេតុផលជាច្រើន។ ជួនកាលយើងខ្លាចធ្វើការជ្រើសរើសខុស ឬបាត់បង់ឱកាសល្អផ្សេងទៀត។ មានពេលខ្លះ យើងអាចមានអារម្មណ៍ថាមានព័ត៌មានច្រើនពេក ឬតិចពេកដើម្បីឲ្យអ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ឧទាហរណ៍ នៅពេលយើងត្រូវជ្រើសរើសមុខរបរ យើងអាចមានការព្រួយបារម្ភអំពីការជ្រើសរើសខុសដែលវាអាចប៉ះពាល់ដល់អនាគតរបស់យើង។

ដើម្បីក្លាយជាមនុស្សដែលអាចសម្រេចចិត្តបានល្អ យើងត្រូវរៀនកាត់បន្ថយជម្រើស។ ជំនួសឱ្យការពិចារណាលើជម្រើសទាំងអស់ យើងគួរផ្តោតលើជម្រើសតែពីរឬបីដែលសមស្របបំផុតសម្រាប់យើង។ ឧទាហរណ៍ ប្រសិនបើយើងកំពុងជ្រើសរើសកន្លែងសម្រាប់ញុាំអាហារថ្ងៃត្រង់ យើងគួរជ្រើសរើសហាងណាដែលមានប្រភេទម្ហូបដែលយើងចូលចិត្តសិន បន្ទាប់មកជ្រើសរើសហាងពីរឬបីដែលនៅជិតបំផុត។

ការកំណត់ពេលវេលាសម្រាប់ការសម្រេចចិត្តក៏សំខាន់ណាស់ដែរ។ យើងត្រូវផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីពិចារណា ប៉ុន្តែមិនត្រូវទុកវាយូរពេកនោះទេ។ ឧទាហរណ៍ ប្រសិនបើយើងកំពុងគិតអំពីការផ្លាស់ប្តូរការងារ យើងគួរកំណត់ពេលវេលាជាក់លាក់មួយ ដូចជាមួយខែ ឬពីរខែ ដើម្បីធ្វើការសម្រេចចិត្ត។ការធ្វើបែបនេះនឹងជួយឱ្យយើងមិនជាប់គាំងនៅក្នុងវដ្តនៃការគិតច្រើនពេក។

ការពិភាក្សាជាមួយអ្នកដទៃក៏អាចជួយយើងបានច្រើនផងដែរ ពីព្រោះថាពួកគេអាចផ្តល់ទស្សនៈផ្សេង និងមើលឃើញរឿងដែលយើងមិនបានគិតដល់ផង ក៏សឹងតែមាន។ ប៉ុន្តែយើងត្រូវចាំថា ការសម្រេចចិត្តចុងក្រោយបង្អស់គឺជារបស់យើង យើងគឺជាអ្នកសម្រេចចិត្តដោយខ្លួនឯង។ ឧទាហរណ៍ ការពិភាក្សាជាមួយមិត្តភក្តិអំពីការរៀនបន្តនៅសាកលវិទ្យាល័យណាមួយ អាចជួយឱ្យយើងមើលឃើញពីគុណសម្បត្តិ និងគុណវិបត្តិកាន់តែច្បាស់។

យើងក៏ត្រូវចងចាំថា ការសម្រេចចិត្តភាគច្រើនមិនមែនអចិន្ត្រៃយ៍នោះទេ។ យើងអាចកែប្រែ ឬផ្លាស់ប្តូរផ្លូវបាន ប្រសិនបើយើងឃើញថាការសម្រេចចិត្តនោះមិនល្អសម្រាប់យើង។ ឧទាហរណ៍ ប្រសិនបើយើងសម្រេចចិត្តរៀនវិជ្ជាជីវៈមួយ ហើយក្រោយមកឃើញថាវាមិនសមស្របនឹងយើង យើងក៏នៅតែអាចប្តូរទៅរៀនវិជ្ជាជីវៈផ្សេងទៀតបានផងដែរ។

ចុងក្រោយ យើងអាចប្រើប្រាស់ឧបករណ៍ជំនួយសម្រាប់ការជ្រើសរើសដោយចៃដន្យ នៅពេលដែលជម្រើសទាំងអស់ស្មើគ្នា។ វាអាចជាការបោះកាក់ ឬប្រើកម្មវិធីលើទូរស័ព្ទដើម្បីជាជំនួយដល់ការសម្រេចចិត្ត។ ការធ្វើបែបនេះ អាចជួយកាត់បន្ថយការស្ទាក់ស្ទើរ និងជួយឱ្យយើងឈានទៅមុខបាន។

ដើម្បីអភិវឌ្ឍជំនាញក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពនោះ គឺយើងត្រូវអនុវត្តវាជាប្រចាំ។ ចាប់ផ្តើមពីការសម្រេចចិត្តតូចៗនៅក្នុងជីវិតប្រចាំថ្ងៃ ដូចជាការជ្រើសរើសអាហារពេលព្រឹក ឬសម្លៀកបំពាក់សម្រាប់ថ្ងៃនេះ។ បន្តិចម្តងៗ យើងនឹងមានទំនុកចិត្តក្នុងការសម្រេចចិត្តកាន់តែធំ។ យើងក៏គួរកត់ត្រាការសម្រេចចិត្ត និងលទ្ធផលរបស់វា ដើម្បីរៀនសូត្រពីបទពិសោធន៍ទាំងនោះ ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការសម្រេចចិត្តរបស់យើងឲ្យបានកាន់តែប្រសើរឡើង។

ការក្លាយជាមនុស្សដែលអាចសម្រេចចិត្តដោយខ្លួនឯងបានល្អ គឺជាដំណើរការមួយដែលត្រូវការពេលវេលា និងការអនុវត្ត។ យើងមិនចាំបាច់ដាក់សម្ពាធលើខ្លួនឯងឱ្យធ្វើការសម្រេចចិត្តបានល្អឥតខ្ចោះនោះទេ។ ផ្ទុយទៅវិញ យើងគួរផ្តោតលើការធ្វើឱ្យប្រសើរឡើងបន្តិចម្តងៗ និងរៀនសូត្រពីបទពិសោធន៍របស់យើងដោយផ្ទាល់។

តាមរយៈការអនុវត្តវិធីសាស្ត្រទាំងប៉ុន្មានដែលយើងបានរៀបរាប់ខាងលើនេះ យើងនឹងក្លាយជាមនុស្សដែលមានទំនុកចិត្តក្នុងការសម្រេចចិត្តកាន់តែច្រើនឡើង។

ដោយក្តីស្រលាញ់ រាប់អាន
លោកគ្រូនី វាសនា

Previous

តើផ្នត់គំនិតរីកចម្រើនជាអ្វី?

Next

តើលុយគឺជាអ្វីគ្រប់យ៉ាងក្នុងជីវិត?

Scroll to top
error: ©រក្សាសិទ្ធិគ្រប់យ៉ាង