សិល្បៈនៃការចរចារ៖ ការបង្កើតដំណោះស្រាយដែលទាំងសងខាងអាចទទួលយកបាន
ការចរចារគឺជាជំនាញដ៏សំខាន់មួយក្នុងជីវិតប្រចាំថ្ងៃ។ ទោះបីជាក្នុងការងារ ទំនាក់ទំនងផ្ទាល់ខ្លួន ឬការទិញទំនិញក្តី ជំនាញចរចារល្អអាចនាំមកនូវលទ្ធផលដែលទាំងសងខាងពេញចិត្ត។ ប៉ុន្តែ តើយើងអាចអភិវឌ្ឍជំនាញនេះដោយរបៀបណា?
ខាងក្រោមនេះ ខ្ញុំនឹងចែករំលែកពីវិធីសាស្ត្រសំខាន់ៗក្នុងការបង្កើតដំណោះស្រាយដែលទាំងសងខាងអាចទទួលយកបាន ដោយផ្តល់ជូននូវឧទាហរណ៍ជាក់ស្តែង និងគន្លឹះសំខាន់ដែលលោកអ្នកអាចអនុវត្តបាន។
ការត្រៀមខ្លួនឱ្យបានល្អ
មុនពេលចូលរួមក្នុងការចរចារណាមួយ ការត្រៀមខ្លួនគឺជាគន្លឹះដ៏សំខាន់បំផុត។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងចរចារប្រាក់ខែជាមួយនិយោជក អ្នកគួរធ្វើការស្រាវជ្រាវពីប្រាក់ខែជាមធ្យមក្នុងវិស័យរបស់អ្នក តម្រូវការទីផ្សារការងារ និងអ្វីដែលអ្នកអាចផ្តល់ជូនដល់ក្រុមហ៊ុន។
ជំហានក្នុងការត្រៀមខ្លួនរួមមាន៖
១. កំណត់គោលដៅច្បាស់លាស់៖ តើអ្នកចង់បានអ្វី? តើអ្វីជាចំណុចអប្បបរមាដែលអ្នកអាចទទួលយកបាន?
២. ស្វែងយល់ពីភាគីម្ខាងទៀត៖ តើគាត់មានតម្រូវការ និងកង្វល់អ្វីខ្លះ?
៣. កំណត់ជម្រើសផ្សេងៗ៖ ប្រសិនបើការចរចារមិនដំណើរការ តើអ្នកមានជម្រើសអ្វីខ្លះ?
៤. ប្រមូលព័ត៌មាន និងទិន្នន័យឲ្យបានច្រើន៖ ចំណេះដឹងគឺជាអំណាច។
ទំនាក់ទំនងច្បាស់លាស់ និងចេះស្តាប់បានយ៉ាងសកម្ម
ភាសាច្បាស់លាស់ និងការស្តាប់យ៉ាងសកម្មគឺជាសមាសធាតុសំខាន់នៃការចរចារដ៏ជោគជ័យ។ ឧទាហរណ៍ ក្នុងការពិភាក្សាជាមួយដៃគូអំពីការបែងចែកការងារផ្ទះ ជំនួសឱ្យការនិយាយថា “អ្នកមិនដែលជួយខ្ញុំទេ” អ្នកអាចនិយាយថា “ខ្ញុំមានអារម្មណ៍ថាការងារផ្ទះមិនត្រូវបានបែងចែកស្មើគ្នា ឬត្រឹមត្រូវនោះទេ តើយើងអាចរកដំណោះស្រាយថ្មីមួយ ជាមួយគ្នាបានដោយរបៀបណា?”
គន្លឹះសម្រាប់ការស្តាប់យ៉ាងសកម្ម៖
១. កុំចូលរួមក្នុងការសន្ទនា ដោយមានគំនិតគិតទុកមុនរួចជាស្រេច ហើយមិនស្តាប់ហេតុផលរបស់ដៃគូសន្ទនា
២. ស្តាប់ដោយមិនកាត់សម្តីដៃគូសន្ទនា
៣. សួរសំណួរបែបបំផុសគំនិត ដើម្បីរកដំណោះស្រាយ
៤. សង្ខេបអ្វីដែលអ្នកបានស្តាប់ ដើម្បីបញ្ជាក់ថាការយល់របស់អ្នកគឺត្រឹមត្រូវ
ផ្តោតលើផលប្រយោជន៍ មិនមែនគោលជំហរ
ភាពខុសគ្នារវាងផលប្រយោជន៍ និងគោលជំហរគឺសំខាន់ណាស់។ គោលជំហរគឺជាអ្វីដែលយើងនិយាយថាយើងចង់បាន រីឯផលប្រយោជន៍គឺជាមូលហេតុដែលយើងចង់បានវា។
ឧទាហរណ៍ជាក់ស្តែង៖ ក្នុងការចរចារទិញផ្ទះ អ្នកលក់អាចនិយាយថាគាត់ត្រូវការតម្លៃជាក់លាក់មួយ (ជំហរ) ប៉ុន្តែផលប្រយោជន៍ពិតប្រាកដរបស់គាត់អាចជាការចង់បញ្ចប់ការលក់ឱ្យបានឆាប់។ ប្រសិនបើអ្នកដឹងពីចំណុចនេះ អ្នកអាចស្នើការបង់ប្រាក់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ឬកាលបរិច្ឆេទបិទការលក់ឱ្យបានលឿនបំផុត ជាថ្នូរនឹងការផ្តល់តម្លៃទាបជាងទីផ្សារជាដើម។ល។
ស្វែងរកជម្រើសច្នៃប្រឌិត
ការស្វែងរកជម្រើសច្នៃប្រឌិតអាចបង្កើតតម្លៃបន្ថែមសម្រាប់ភាគីទាំងសងខាង។
ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត៖
១. បំបែកបញ្ហាធំទៅជាផ្នែកតូចៗ
២. ប្រើវិធីបំផុសគំនិត ដោយមិនវិនិច្ឆ័យគំនិតណាមួយភ្លាមៗពេក
៣. ស្វែងរកធាតុផ្សេងៗ ដែលមានតម្លៃខុសគ្នាសម្រាប់ភាគីនីមួយៗ
ឧទាហរណ៍៖ ក្នុងការចរចារប្រាក់ខែ ប្រសិនបើក្រុមហ៊ុនមិនអាចផ្តល់ប្រាក់ខែខ្ពស់ដូចការស្នើសុំ ជម្រើសផ្សេងអាចរួមមាន ការងារពីចម្ងាយ ពេលវេលាឈប់សម្រាកបន្ថែម ឬការបណ្តុះបណ្តាលបន្ថែមជាដើម។ល។
រក្សាភាពស្ងប់ស្ងៀម និងវិជ្ជាជីវៈ
អារម្មណ៍អាចជះឥទ្ធិពលអវិជ្ជមានលើការចរចារ។ ការរក្សាភាពស្ងប់ស្ងៀម និងវិជ្ជាជីវៈគឺជាគន្លឹះដ៏សំខាន់។
បច្ចេកទេសដើម្បីរក្សាភាពស្ងប់ស្ងៀម៖
១. ដកដង្ហើមវែងៗ
២. សុំពេលសម្រាកបន្តិច ប្រសិនបើចាំបាច់
៣. ផ្តោតលើបញ្ហា មិនមែនលើបុគ្គល
៤. ត្រៀមឃ្លាសម្រាប់ស្ថានភាពតានតឹង ដូចជា “ខ្ញុំយល់ពីទស្សនៈរបស់អ្នក សូមពិភាក្សាពីជម្រើសណា ដែលអាចផ្តល់ប្រយោជន៍សម្រាប់យើងទាំងអស់គ្នា”
ដឹងថាពេលណាត្រូវដើរចេញ និងអត្ថប្រយោជន៍នៃការចរចារ
មានពេលខ្លះ ការដើរចេញគឺជាជម្រើសល្អបំផុត។ ប្រសិនបើអ្នកដឹងថាអ្នកមានជម្រើសល្អជាងនេះ ឬការចរចារកំពុងធ្វើឱ្យអ្នកខាតបង់ច្រើនពេក ការដើរចេញគឺជាជំហានត្រឹមត្រូវ។
អត្ថប្រយោជន៍នៃការចរចារដែលទាំងសងខាងទទួលយកបាន៖
១. បង្កើតទំនាក់ទំនងរយៈពេលវែង
២. បង្កើនឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត
៣. បង្កើនភាពជោគជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀង
៤. កាត់បន្ថយភាពតានតឹង និងជម្លោះ
និយាយជារួម ការរចរចារដើម្បីបង្កើតដំណោះស្រាយដែលទាំងសងអាចទទួលយកបាន មិនមែនជាជំនាញដែលមនុស្សកើតមកមាននោះទេ ប៉ុន្តែវាជាជំនាញដែលអាចរៀនសូត្របាន។ តាមរយៈការត្រៀមខ្លួនឱ្យបានល្អ ទំនាក់ទំនងច្បាស់លាស់ ការស្តាប់យ៉ាងសកម្ម ការផ្តោតលើផលប្រយោជន៍ទាំងសងខាង ការស្វែងរកជម្រើសច្នៃប្រឌិតនានា ការរក្សាភាពស្ងប់ស្ងៀម និងការដឹងថាពេលណាត្រូវដើរចេញនោះ គឺអ្នកអាចក្លាយទៅជាអ្នកចរចារដ៏មានប្រសិទ្ធភាពម្នាក់ហើយ។
ការអនុវត្តជំនាញទាំងនេះមិនត្រឹមតែជួយឱ្យអ្នកទទួលបាននូវអ្វីដែលអ្នកចង់បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យភាគីទាំងអស់ដែលពាក់ព័ន្ធមានអារម្មណ៍ថា បានទទួលនូវអ្វីមួយដែលមានតម្លៃ និងអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងពួកគេ កាន់តែល្អថែមទៀតផង។
ដោយក្តីស្រលាញ់ រាប់អាន
លោកគ្រូនី វាសនា
We use cookies to improve your experience on our site. By using our site, you consent to cookies.
Manage your cookie preferences below:
Essential cookies enable basic functions and are necessary for the proper function of the website.
These cookies are needed for adding comments on this website.
These cookies are used for managing login functionality on this website.
Statistics cookies collect information anonymously. This information helps us understand how visitors use our website.
Google Analytics is a powerful tool that tracks and analyzes website traffic for informed marketing decisions.
Service URL: policies.google.com (opens in a new window)